Social Network

ជន​ស៊ីវិល​កំពុង​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​ Aleppo​ ខណៈ​ការ​ប្រយុទ្ធ​ដណ្តើម​ក្រុង​ Manbij​ កំពុង​បន្ត

បណ្តាញផ្សាយព័ត៌មាន របស់រដ្ឋនៃប្រទេសស៊ីរី បានរាយការណ៍ថា មនុស្សរាប់សិបគ្រួសារ បានរត់គេចខ្លួន ចេញពីក្រុង Aleppo ដែលត្រូវឡោមព័ទ្ធ ក្រោយពេល កងកម្លាំង រដ្ឋាភិបាលបានបើកតំបន់ របៀងមនុស្សធម៌មួយ។

ក្រុងនេះបានត្រូវ ហាមប្រាម មិនឱ្យមនុស្សចេញចូល ច្រើនសប្តាហ៍មកហើយ នៅពេលដែល កងកម្លាំង រដ្ឋាភិបាល បានទម្លាក់គ្រាប់បែក លើក្រុងនេះ។ ពួកមន្ត្រីអ.ស.ប.និង ក្រុមផ្តល់ជំនួយ បានសុំឱ្យ រដ្ឋាភិបាលស៊ីរី បើកផ្លូវចូលក្នុងក្រុងនេះ ដើម្បីផ្តល់ជំនួយសង្គ្រោះ ដោយបានព្រមានថា មនុស្សប្រមាណ ៣ សែននាក់ នៅទីនោះ ប្រឈមមុខ នឹងការខ្វះខាតម្ហូបអាហារ។

នៅពេលជាមួយគ្នានេះ ក្រុមចម្រុះដឹកនាំ ដោយស.រ.អា.ដែលប្រយុទ្ធប្រឆាំង នឹងពួករដ្ឋឥស្លាម បានរាយការណ៍ថា មានការវាយប្រហារ តាមអាកាស បន្ថែមទៀត លើក្រុង សំខាន់មួយនៅខាងក្រៅក្រុង Aleppo ដែលនៅទីនោះ ពួកជនសកម្មប្រយុទ្ធ បានប្រយុទ្ធ ដើម្បីរក្សា ការត្រួតត្រាផ្នែកកណ្តាលក្រុងនេះ។ ក្រុមយោធាស.រ.អា.បានរាយការណ៍ថា មានការវាយប្រហារ តាមអាកាស ១១ លើកនៅជិតក្រុង Manbij ដោយយក កងឯកភាពកលយុទ្ធ និង ទីតាំងប្រយុទ្ធ របស់ពួករដ្ឋឥស្លាម ជាទីដៅនៃការវាយប្រហារ។

ក្រុមចម្រុះ ក៏បានរាយការណ៍ដែរ អំពីការវាយប្រហារ តាមអាកាស ៩ លើក ប្រឆាំងនឹង ទីដៅរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់។ វីអូអេ ផ្នែកផ្សាយជាភាសា Kurde បានរាយការណ៍ថា មានការប្រយុទ្ធ គ្នានៅផ្នែកកណ្តាលនៃ ក្រុង Manbij បន្តទៀត នៅពេលមានការ វាយប្រហារ តាមអាកាស។ កងជីវពលមួយ ប្រឆាំងនឹងពួក រដ្ឋឥស្លាម កំពុងប្រយុទ្ធប្រឆាំងនឹង ពួកជនសកម្មប្រយុទ្ធ នៅក្នុងក្រុងនេះ ពីផ្លូវមួយទៅផ្លូវមួយទៀត នៅពេលដែលកងកម្លាំង ក្រុមចម្រុះរឹតបន្តឹង ការឡោមព័ទ្ធ ជារង្វង់មូល ជុំវិញសំបុកពួករដ្ឋឥស្លាម នៅផ្នែកកណ្តាលក្រុងនេះ។

យុទ្ធជនម្នាក់ បាននិយាយប្រាប់ថា លោកបានឃើញ សាកសព ជនសកម្មប្រយុទ្ធមួយចំនួន ដែលបានត្រូវសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃសុក្រ ដែលបានចាប់ផ្តើម ធ្វើនៅពេលរសៀល ហើយបានបន្តរហូត ដល់ពេលយប់។នៅក្នុងហេតុការណ៍ មួយដាច់ដោយឡែក កងយោធាស.រ.អា.កំពុងស្ទង់ប៉ាន់មើល ការចោទប្រកាន់ ទីបីលើពួកគេ ដែលថាមានពួក ជនស៊ីវិលស្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសមួយ ដោយក្រុមចម្រុះ នៅជិតក្រុង Manbij៕

រូបឯកសារ៖ ផ្សែងចេញពីការប្រយុទ្ធរបស់កងកម្លាំងជម្រុះទៅលើក្រុង Manbij ដែលជាទីតាំងរបស់ក្រុមរដ្ឋឥស្លាម នៅក្នុងតំបន់របស់ក្រុង Aleppo ប្រទេសស៊ីរី។

ដកស្រង់ពី៖ VOA