Social Network

ការ​ផ្ទុះ​នៅ​ជប៉ុន​ស្នាដៃ​ទាហាន​ចូល​និវត្តន៍​ម្នាក់

បណ្តាសារព័ត៌មានជប៉ុនរាយការណ៍កាលពីថ្ងៃទី២៣ តុលាថា មនុស្សម្នាក់ស្លាប់និងយ៉ាងតិច ៣នាក់ទៀតរងរបួសនាថ្ងៃនោះ ដោយសារការផ្ទុះនិងភ្លើងឆាបឆេះ មួយចំនួននៅក្បែរឧទ្យាននៃទីក្រុងមួយនៅភាគខាងជើងក្រុងតូក្យូ ។

យោងតាមប៉ូលិសថា ទាហានចូលនិវត្តន៍ម្នាក់ដែលប្រហែលជាមានបំណងធ្វើអត្តឃាតបានធ្វើឱ្យផ្ទុះ ។ នាវេលាថ្ងៃត្រង់ប៉ូលិសរកឃើញលោកតូស៊ីកាតស៊ូ គូវីហារ៉ា អាយុ៧២ឆ្នាំ ជាអតីតសមាជិកកងទ័ពជប៉ុនក្នុងឧទ្យានស្ថិតនៅទីក្រុង UTSUNOMIYA ចម្ងាយ១០០គ.ម ខាងជើងក្រុងតូក្យូ ។ យោងតាមក្រុមអ្នកស៊ើបអង្កេតថា នោះជាការប៉ុនប៉ងធ្វើអត្តឃាតព្រោះបុរសនោះបានសរសេរលើស្បែកជើងមួយរបស់គេនូវពាក្យថា «ខ្ញុំសុខចិត្តស្លាប់» ចុះហើយរៀបរាប់ពីបញ្ហាគ្រួសារ ។

បុរស២នាក់ម្នាក់អាយុ៥៩ឆ្នាំ ហើយម្នាក់ទៀតអាយុ៦៤ឆ្នាំ រងរបួសធ្ងន់ រួចសិស្សសាលាអាយុ១៤ឆ្នាំម្នាក់គ្រាន់តែរបួសស្រាល ។ រថយន្តទាំងឡាយក្នុងនោះមានរថយន្តរបស់លោកគូរីហារ៉ាផងត្រូវឆេះនៅកន្លែងចតរថយន្តមួយជិតឧទ្យានដែលនៅទីនោះគេគ្រោងប្រារព្ធមហោស្រពមួយ ។ ផ្ទះរបស់លោកគួរី ហារ៉ា ដែលគាត់រស់នៅតែម្នាក់ឯងក៏ត្រូវភ្លើងឆេះអស់ទាំងស្រុងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល