Social Network

អាកាសធាតុ​ខុសប្លែក​ពី​ធម្មតា ​ត្រូវ​បាន​ព្រមាន​នៅ​កិច្ចប្រជុំ​របស់ UN

រលកកម្ដៅ ដ៏សាហាវ និង ខ្យល់ព្យុះកំណាច គ្រោះរាំងស្ងួត ព្រមទាំង ទឹកជំនន់ជាច្រើន ក្នុងទសវត្សរ៍នេះ គឺជាការ បង្កឡើងដោយមនុស្ស។

របាយការណ៍នានា កាលពីថ្ងៃអង្គារ បានព្រមានថា រឿងហេតុ កាន់តែអាក្រក់ជាងនេះ នឹង កើតមានជាបន្តទៀត។ ស្របពេលដែលមាន ការយកចិត្តទុកដាក់ លើការបោះឆ្នោត ប្រធានាធិបតី អាមេរិក រវាងលោក Donald Trump និងលោកស្រី Hillary Clinton នោះ បណ្តាប្រេសិត របស់អង្គការ សហប្រជាជាតិ បានប្រមូលផ្ដុំគ្នា ក្នុងប្រទេសម៉ារ៉ុក សម្រាប់ថ្ងៃទី២ នៃកិច្ចពិភាក្សា លើការដាក់ កិច្ចព្រមព្រៀង ទីក្រុងប៉ារីសឲ្យចូលជាធរមាន។

លោក Trump បានប្ដេជ្ញាថានឹង “លុបចោល” កិច្ចព្រមព្រៀង ជួយសង្គ្រោះ អាកាសធាតុនេះ ប្រសិនបើលោក ឈ្នះឆ្នោត ប៉ុន្តែ មានរបាយការណ៍ ជាច្រើនថា វាពិតជាសំខាន់ណាស់ ក្នុងការ រក្សាកិច្ចព្រមព្រៀងនេះ។ បើយោងតាម អង្គការ ឧតុនិយម ពិភពលោក (WMO) បានឲ្យដឹងថា ពាក់កណ្តាល ទសវត្សរ៍ចុងក្រោយនេះ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ គឺជា ពេលវេលាក្តៅ បំផុតក្នុងកំណត់ត្រា ខណៈដែល ឆ្នាំ ២០១៤ និង ២០១៥ គឺជាឆ្នាំក្តៅបំផុត។

នៅក្នុង របាយការណ៍មួយ ដែលចេញផ្សាយ ក្រៅកិច្ចប្រជុំ Marrakesh វាបានព្រមានអំពី ការបោះជំហាន របស់មនុស្ស កាន់តែខ្លាំងឡើង លើអាកាសធាតុ និង បរិយាកាស ដែលបង្ក ជាផលប៉ះពាល់ ដ៏គ្រោះថ្នាក់។ អគ្គលេខាធិការ WMO លោក Petteri Taalas បាននិយាយ ក្នុងសេចក្ដីថ្លែងការណ៍ មួយថា ការផ្លាស់ប្ដូរ អាកាសធាតុ បានបង្កើនជាហានិភ័យ ធ្ងន់ធ្ងរជាច្រើន ដូចជារលកកម្ដៅ គ្រោះរាំងស្ងួត ទឹកភ្លៀងខុសប្លែកពីធម្មតា និងទឹកជំនន់បំផ្លិចបំផ្លាញ។

នៅក្នុងរបាយការណ៍ ដាច់ដោយឡែក មួយទៀត ក្រុមអ្នកវិភាគនៅអង្គការ Germanwatch បាននិយាយថា មនុស្ស ជាងកន្លះលាននាក់ នៅទូទាំងពិភពលោក បានស្លាប់ ដោយសារតែ អាកាសខុសប្លែកពីធម្មតា ចន្លោះឆ្នាំ១៩៩៦ និង ឆ្នាំ២០១៥។ ការខូចខាតទាំងនេះ បានបង្ក ជាការខាតបង់ ក្នុងចំនួនទឹកប្រាក់ ៣ពាន់ពាន់លានដុល្លារ (២.៧ពាន់ពាន់លានអឺរ៉ូ)៕

ដកស្រង់ពី៖ កម្ពុជាថ្មី