Social Network

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ៖ ក្រុម​រដ្ឋ​ឥស្លាម​បាន​សម្លាប់​អតីត​ប៉ូលិស​៣០០​នាក់​នៅ​ភាគ​ខាងត្បូង​ក្រុង MOSUL

អង្គការឃ្លាំមើល សិទ្ធិមនុស្ស (HRW) បានឲ្យដឹង កាលពីថ្ងៃ ព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធ រដ្ឋឥស្លាម ប្រហែលជាបានសម្លាប់ អតីត ប៉ូលិសអ៊ីរ៉ាក់ ជាង៣០០នាក់ កាលពីបីសប្ដាហ៍មុន និង បានកប់ពួកគេ ក្នុងផ្នូរដ៏ធំមួយ នៅជិតទីក្រុង Hammam al-Alil ភាគខាងត្បូង នៃទីក្រុង Mosul ។

អ្នករាយការណ៍របស់ Reuters បានទៅមើល តំបន់សាកសព ដែលអ្នកស្រុក បាននិយាយថា ពួកសកម្មប្រយុទ្ធ ដ៏ឃោរឃៅនេះ បានកប់សាកសព ជនរងគ្រោះ ដែលត្រូវបាន គេបាញ់សម្លាប់ ឬ ការកាត់ក្បាល ។ អ្នកស្រុក បាននិយាយថា ពួកគេជឿថា មានមនុស្ស រហូតដល់ ទៅ២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងសប្ដាហ៍នេះ មុនពេល ក្រុមរដ្ឋឥស្លាម ដកខ្លួនចេញពីក្រុងនេះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា អតីតប៉ូលិស មួយចំនួន គឺត្រូវបាន គេបំបែកចេញពីក្រុម ប្រហែលពីរពាន់នាក់ ចេញពីភូមិ និង ទីប្រជុំជន ក្បែរនោះ ដែលត្រូវបានគេបង្ខំ ឲ្យដើរក្បួនរួម ជាមួយពួកសកម្មប្រយុទ្ធ កាលពីខែមុន ខណៈពួកគេ បានដកថយចេញ ពីភាគខាងជើង ទីក្រុង Mosul និង ទីក្រុង Tal Afar។

Reuters បានដកស្រង់ សម្ដីកម្មករម្នាក់ ដែលបាននិយាយថា គាត់បានឃើញ ក្រុមអ្នកប្រយុទ្ធ រដ្ឋឥស្លាម បើករថយន្តដឹកទំនិញធំៗ ចំនួនបួនគ្រឿង ដែលមានដឹកមនុស្ស ប្រុសពី ១០០ ទៅ ១២៥ នាក់ដែលពួកគេ មួយចំនួននោះ ត្រូវបានគាត់ស្គាល់ថា ជាអតីតប៉ូលិស។ គាត់បានប្រាប់ អង្គការ ឃ្លាំមើលសិទ្ធិមនុស្សថា ប៉ុន្មាននាទីក្រោយមក គាត់បានឮ សំឡេងបាញ់កាំភ្លើង និង សម្រែកនៃទុក្ខព្រួយ ។នៅយប់បន្ទាប់ ក្នុងថ្ងៃទី២៩ ខែតុលា ហេតុការណ៍ ស្រដៀងគ្នានេះ បានកើតមានឡើងម្តងទៀត ដោយមានមនុស្សប្រុស ចន្លោះពី ១៣០នាក់ទៅ១៤៥នាក់។

លោក Joe Stork នាយករង ប្រចាំតំបន់ មជ្ឈិមខាងកើត នៅអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានថ្លែងថា “នេះគឺជាបំណែកមួយទៀត នៃភស្តុតាង នៃការសម្លាប់រង្គាល យ៉ាងរន្ធត់ដោយក្រុម ISIS នៃ អតីតមន្ត្រីអនុវត្តច្បាប់ នៅក្នុង និង ជុំវិញទីក្រុង Mosul ។ ក្រុម ISIS គួរតែទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ទាំងនេះ” ៕


ដកស្រង់ពី៖ កម្ពុជាថ្មី