Social Network

រថយន្តដ៏មហាទំនើបដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជា​ឲ្យផលិត​នោះ​មិនទាន់​ធ្វើរួចទេ!

(វ៉ាស៊ីនតោន)៖ ដំបូងឡើយរថយន្តលីម៉ូស៊េរីថ្មី សម្រាប់ប្រធានាធិបតីអាមេរិក នឹងបង្ហាញវត្តមានជាផ្លូវការ ឲ្យពិភពលោកបានឃើញ នៅថ្ងៃស្បថឡើងកាន់តំណែងរបស់ លោក ដូណាល់ ត្រាំ ក៏ប៉ុន្តែ រថយន្តលីម៉ូ ដែលបានដឹកលោក ប្រធានាធិបតីអាមេរិកថ្មី នៅក្នុងក្បួនដង្ហែរក្រោយពិធីស្បថកាន់តំណែង គឺជារថយន្តម៉ូដែលចាស់ ដែលជាយានជំនិះរបស់លោក បារ៉ាក់ អូបាម៉ា នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំ កន្លងទៅនេះប៉ុណ្ណោះ ហើយលោក ត្រាំ ចាំបាច់ត្រូវបន្ត ប្រើប្រាស់រថយន្តនេះ មួយរយៈពេលទៀតសិន ដោយសារតែ រថយន្តប្រធានាធិបតីថ្មី ដែលលោក បញ្ជាឲ្យផលិត ពុំទាន់សម្រេចហើយរួចរាល់នៅឡើយ។

នេះបើតាមការដកស្រង់ ការផ្សាយដោយ Yahoo News នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។ ដោយឡែកព័ត៌មានលម្អិត ជាក់ច្បាស់អំពីលក្ខណៈពិសេសបន្ថែម ទៅលើរថយន្តដ៏ទំនើប និងរឹងមាំបំផុត ដូចជារថពាសដែកនេះ មិនត្រូវបានលាតត្រដាង ឲ្យសាធារណជន បានដឹងនិងបានឃើញឡើយ ដោយវាត្រូវបាន បិទបាំងយ៉ាងដិតដល់បំផុត ដើម្បីលាក់លក្ខណៈពិសេសៗទាំងនោះ ក៏ប៉ុន្តែ រថយន្តសម្រាប់មេដឹកនាំកំពូល នៃប្រទេសមហាអំណាចមួយនេះ ត្រូវបានគេសង្ស័យថានឹងមានរូបរាង មិនខុសប្លែកឆ្ងាយពីរថយន្ត ប្រធានាធិបតីអាមេរិក ពីមុនៗប៉ុន្មាននោះទេ។

ចំណែកម៉ូដែលរថយន្ត «The Beast» បច្ចុប្បន្ន ដែលកំពុងត្រូវបានប្រើប្រាស់ដោយលោក បារ៉ាក់ អូបាម៉ា វិញ មានបំពាក់នូវអាវុធទំនើបៗជាច្រើន រួមមាន កន្លែងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងមួយដើម កញ្ចប់ផ្ទុកប្រភេទឈាម របស់លោកប្រធានាធិបតី និង បំពង់ស្តុកខ្យល់អុកស៊ីសែន ដែលចាំបាច់ ក្នុងករណីគ្រោះអាសន្នណាមួយ។

បន្ថែមពីនេះ វាត្រូវបានបំពាក់ដោយ បន្ទះដែកថែបនៅពីខាងក្រោម ដែលមានសមត្ថភាព ការពារអ្នកជិះក្នុងរថយន្ត ពីគ្រាប់បែកបង្កៃ នៅតាមដងវិថី ហើយតួរថយន្តទាំងមូល មានកម្រាស់ប្រមាណ ២០សង់ទីម៉ែត្រ និង ទម្ងន់០៨តោន ជាមួយទ្វារ ព្រមទាំងកញ្ចក់នានា ត្រូវបានការពារមិនឲ្យគ្រាប់កាំភ្លើង បាញ់ធ្លុះនោះឡើយ ខណៈផ្ទៃខាងក្នុង នៃរថយន្តទាំងមូល ត្រូវបានបិទយ៉ាងជិត ឥតចន្លោះផងដែរ ដើម្បីការពារ ពីការវាយប្រហារ ដោយអាវុធគីមី។

ម៉្យាងវិញទៀត រថយន្តនេះ ក៏មានបំពាក់នូវកាមេរ៉ា សម្រាប់មើលពេលយប់ ឧបករណ៍តាមដាន GPS និងប្រព័ន្ធទំនាក់ទំនង ផ្កាយរណបថែមទៀតផង ដើម្បីអនុញ្ញាតឲ្យវា អាចដំណើរការបាននៅគ្រប់លក្ខខណ្ឌ និងស្ថានភាពទាំងអស់ និង ដើម្បីធានាថា លោកប្រធានាធិបតី ស្ថិតក្នុងការទាក់ទងបានជានិច្ច។ រីឯធុងសាំងរបស់រថយន្តនេះ ត្រូវបានស្រោបដោយលោហៈធាតុ ការពារយ៉ាងរឹងមាំបំផុត និងមានផ្ទុកនូវសារធាតុម៉្យាង ដែលនឹងពង្រីកខ្លួននៅពេល មានការប៉ះទង្គិចណាមួយ មិនថាតិច ឬ ខ្លាំងនោះឡើយ ដែលប្រការហេតុនេះនឹងការពារ វាពុំឲ្យផ្ទុះឆេះបាន។

ជាមួយគ្នានេះដែរ កង់ទាំងបួនរបស់រថយន្ត ត្រូវបានទ្រាប់ដោយសរសៃក្រណាត់ (Kelvar) ដ៏ធន់បំផុត ដើម្បីការពារពួកវា ពីការផ្ទុះបែក ហើយបើសិនជានៅតែបែកទៀតនោះ រថយន្តនេះក៏នៅតែអាច បន្តដំណើរបាន ដោយប្រើប្រាស់ ផ្នែកលោហៈដ៏រឹងមាំ របស់ខ្នងកង់ទាំងនោះបានដែរ។

គួរបញ្ជាក់ថា រថយន្តលីម៉ូ Cadillac One របស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ នឹងត្រូវយកទៅប្រើប្រាស់ជំនួសរថយន្តចាស់ៗ មានរូបរៀងដូចគ្នាបេះបិទ ចំនួនប្រហែល ១២គ្រឿង ដែលលោក បារ៉ាក់ អូបាម៉ា បានប្រើប្រាស់ចាប់តាំងពី ឆ្នាំ២០០៩មក ខណៈក្រុមហ៊ុន General Motor ទទួលបានប្រាក់ចំនួន ១៥លានដុល្លារ ដើម្បីធ្វើការអភិវឌ្ឍ រថយន្តប្រធានាធិបតី ជំនាន់ថ្មីនេះ៕

 

ដកស្រង់ពី៖ Fresh News