Social Network

អតីតមន្ត្រីទូតកូរ៉េខាងជើង បន្តបកអាក្រាត លោក គីម ជុងអ៊ុន និងស្ថានភាពក្នុងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង!

(សេអ៊ូល)៖ អតីតមន្ត្រីទូតជាន់ខ្ពស់ របស់កូរ៉េខាងជើង ដែលបានរត់ចេញពីស្ថានទូត នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកសុំសិទ្ធិជ្រកកោណ នៅកូរ៉េខាងត្បូងនោះ បានបន្តធ្វើការ បកអាក្រាតទៅលើ របបដឹកនាំរបស់លោក គីម ជុនអ៊ុន ដោយលើកនេះ លោកបានអះអាងថា មន្ត្រីកំពូលៗជាច្រើន នៅកូរ៉េខាងជើង មិនពេញចិត្តនឹងការដឹកនាំ របស់បុរសវ័យក្មេងជំនាន់ទីបី រូបនេះឡើយ។

នេះបើតាមការចេញផ្សាយ នៅល្ងាចថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។លោក ថែ យ៉ុងហូ ដែលបានរត់មកជ្រកកោណ នៅកូរ៉េខាងត្បូង តាំងពីខែសីហា ឆ្នាំ២០១៦នោះ បានប្រាប់សារព័ត៌មានបរទេស ជាលើកដំបូងនៅថ្ងៃពុធនេះថា «ពេលលោក គីម ជុងអ៊ុន ឡើងកាន់អំណាចដំបូង ខ្ញុំមានក្តីសង្ឃឹមខ្ពស់ណាស់ថា លោកនឹងធ្វើការសម្រេចចិត្ត ដោយសមហេតុផល និងត្រឹមត្រូវ ដើម្បីទាញប្រទេសកូរ៉េខាងជើង ចាកចេញពីភាពក្រីក្រ ប៉ុន្តែ មិនយូរប៉ុន្មាន ខ្ញុំក៏ធ្លាក់ចូលទៅក្នុង ភាពអស់សង្ឃឹម ដោយបានមើលឃើញគាត់ ដកដាក់មន្ត្រីនានា ដោយគ្មានហេតុផល»។

លោក ថែ បានបន្តទៀតយ៉ាងដូច្នេះថា «ជាក់ស្តែងការរិះគន់ ឬ ការខ្វែងគំនិតគ្នា ក្នុងរបបនេះគឺមានកម្រិតទាប ប៉ុន្តែនៅពេលពេលនេះ វាបានក្លាយជារឿងញឹកញាប់បន្ថែមទៀត។ យើងត្រូវតែស្រោចសាំងទៅលើ ប្រទេសកូរ៉េខាងជើង ហើយអនុញ្ញាតឲ្យប្រជាជន ដុតភ្លើងឡើងតែម្តង»។

គួរបញ្ជាក់ថា ចាប់តាំងពីការរត់ភៀសខ្លួន មកកាន់កូរ៉េខាងត្បូង លោក ថែ បានធ្វើសន្និសីទសារព័ត៌មានពី ពីរទៅបីលើកហើយ ដោយមានបកអាក្រាតរឿងរ៉ាវជាច្រើន នៃរបបដឹកនាំ របស់កូរ៉េខាងជើង ប៉ុន្តែ ទីក្រុងព្យុងយ៉ាង ហាក់មិនបានបង្ហាញ ប្រតិកម្មតបតវិញនោះទេ៕

ដកស្រង់ពី៖ Fresh News