Social Network

ម៉ិចស៊ីកូ៖ រឿងចេញលុយ​កសាងជញ្ជាំងព្រំដែនគឺ «គ្មានផ្លូវឡើយ» ប៉ុន្តែការពិភាក្សាជាមួយអាមេរិក គឺជាឆន្ទៈរបស់យើងដើម្បីរក្សាទំនាក់ទំនងល្អ!

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ បានលើកឡើងថា ប្រទេសរបស់លោក មានឆន្ទៈជានិច្ច ក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាទំនាក់ទំនងល្អរវាងគ្នា ប៉ុន្តែ សម្រាប់រឿងចេញថ្លៃ កសាងជញ្ជាំងព្រំដែន ជារឿងដែល «គ្មានផ្លូវអាចចរចាបានឡើយ»។

នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក Luis Videgaray បានលើកឡើងយ៉ាងដូច្នេះថា «វាជារឿងដែលមិនអាចមាន ការចរចាណាមួយបាន ហើយជារឿងដែលមិនអាច និងមិនត្រូវលើកយកមកចរចាគ្នា។ ការពិតនោះគឺ ការដែលបានលើកឡើងថា ម៉ិចស៊ីកូគួរតែជាអ្នកចំណាយ ទៅលើការកសាងជញ្ជាំងព្រំដែននោះ វាជារឿងសាមញ្ញទេ ដែលមិនត្រូវឲ្យមានការចរចាកើតឡើង»។

គួរបញ្ជាក់ថា ការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ ខាងលើនេះ បានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន មួយនៅក្នុងស្ថានទូតម៉ិចស៊ីកូ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដែលវាបានកើតឡើងក្រោយពេលលោក ដូណាល់ ត្រាំ បញ្ជាក់ពីជំហរទាមទារ ថ្លៃកសាងជញ្ជាំងព្រំដែន ១០០%ពីម៉ិចស៊ីកូដែលមានប្រវែងជាង ៣,២០០គីឡូម៉ែត្រ (តម្លៃរាប់ពាន់លានដុល្លារ) និង ការលុបចោលដំណើរទស្សនកិច្ ចរបស់ប្រធានាធិបតីម៉ិចស៊ីកូ លោក ផេណា នាតូ មកកាន់ទីក្រុងវ៉ាស៊ីនតោន ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃអង្គារសប្តាហ៍ក្រោយ៕

ដកស្រង់ពី៖ Fresh News