Social Network

លេច​ធ្លាយ មុខ​មាត់​ពិត​ឆ្មាំ​ណាស៊ី ១ម៉ឺននាក់ ដែល​ចូល​ដៃ​សម្លាប់​មនុស្ស រាប់​លាន​នាក់

ឈ្មោះនៃមេបញ្ជាការ និង ឆ្មាំណាស៊ី (Nazi Schutzstaffel) ស្ថិតក្រោមការគ្រប់គ្រងរបស់ ហ៊ីត្លែរ (Adolf Hitler) ដែលបានចូលដៃ ក្នុងការសម្លាប់រង្គាល លើជនជាតិយូដា (Jews) ជាង១លាននាក់ នៅឯជំរុំ Auschwitz ត្រូវបានបង្ហោះ នៅលើបណ្ដាញអនឡាន ជាលើកដំបូង។

មូលដ្ឋានទិន្នន័យ (Database) ដ៏ធំ ដែលរួមមានទាំងរូបថត ត្រូវបានបង្ហោះដោយវិទ្យាស្ថាន Institute of National Remembrance (INR) របស់ប្រទេសប៉ូឡូញ ដើម្បីលុបបំបាត់ចោល នូវការអះអាងមិនពិតថា ឆ្មាំណាស៊ីជាច្រើននាក់ គឺជាជនជាតិប៉ូឡូញ។ បញ្ជីឈ្មោះនៃមនុស្សចំនួន ៩ ៦៨៦ គឺសុទ្ធសឹងតែជាជនជាតិអាល្លឺម៉ង់ ហើយមុខរបរមុនសង្គ្រាម របស់ពួកគេ មានដូចជា កសិករ អ្នកកាប់ជ្រូក គ្រូបង្រៀន និង ជាងស្បែកជើង ជាដើម។

គួរបញ្ជាក់ឲ្យដឹងថា កងកម្លាំងរបស់ ហ៊ីត្លែរ បានចូលលុកលុយ ប្រទេសប៉ូឡូញ នៅក្នុងឆ្នាំ១៩៣៩ ហើយនៅឆ្នាំបន្ទាប់ មេដឹកនាំនៃគណបក្សណាស៊ីរូបនេះ បានបញ្ជាឲ្យសាងសង់ជំរុំ Auschwitz-Birkenau នៅក្នុងប្រទេសប៉ូឡូញ។

ដំបូងឡើយ វាត្រូវបានប្រើប្រាស់ ដើម្បីដាក់អ្នកទោសនយោបាយប៉ូឡូញ ប៉ុន្តែក្រោយមក ត្រូវបានប្រគល់ឲ្យទៅ កងទ័ពណាស៊ីដ៏ល្បី Schutzstaffel ឬហៅកាត់ថា SS។ នៅចន្លោះឆ្នាំ ១៩៤២ និង ១៩៤៥ មានជនជាតិយូដា (Jews) ប្រហែល ១,១លាននាក់ បានស្លាប់នៅទីនោះ ដោយខ្លះស្លាប់នៅក្នុងបន្ទប់ឧស្ម័ន (Gas Chamber) ឯខ្លះអត់អាហារស្លាប់ និងខ្លះទៀតត្រូវគេវាយដំរហូតដល់ស្លាប់។

ជំរុំ Auschwitz

បន្ទប់ឧស្ម័ន (Gas Chamber)

ក្រោយបញ្ចប់សង្គ្រាម អតីតមេបញ្ជាការ នៅជំរុំខាងលើ មានឈ្មោះថា Arthur Liebehenschel និង មន្រ្តីជាន់ខ្ពស់ ចំនួន៣៣នាក់ផ្សេងទៀត ត្រូវបានគេកាត់ទោស នៅក្បែរទីក្រុង Krakow នៃប្រទេសប៉ូឡូញ។ ពួកគេភាគច្រើន ត្រូវបានប្រហារជីវិតដោយការព្យួរក។

ចំណែកឯកងទ័ព SS ភាគច្រើន រួមទាំងស្រ្តី ២០០នាក់ បានចំណាយពេលរស់នៅ ក្នុងជំរុំអ្នកទោសសង្គ្រាមប៉ូឡូញ ឬ រុស្ស៊ី ប៉ុន្តែត្រូវបានដោះលែងវិញ នៅក្នុងអំឡុងឆ្នាំ១៩៥០ និង បានត្រលប់ទៅរស់នៅលាក់ខ្លួន ក្នុងប្រទេសអាល្លឺម៉ង់វិញ៕

ដកស្រង់ពី៖ Sabay