Social Network

ត្រាំ ​ពឹង​មេ​សំណង់​ឲ្យ​​​សង់​ជញ្ជាំង​ព្រំដែន បែរ​​ទទួល​ចម្លើយ​ចុកឈាម

មហាសេដ្ឋីអចលនទ្រព្យ ប្រចាំទីក្រុងម៉ៃអាមី និង ជាមេសំណង់លោក Jorge Perez បានបង្ហើបកាលប៉ុន្មានថ្ងៃនេះថា លោកបានបដិសេធការអញ្ជើញរបស់ ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីសង់ជញ្ជាំង ព្រំដែនអាមេរិកជាមួយមិកស៊ីកូ ដោយហៅថាជាគម្រោងឆ្កួតឡប់(Idiotic)។

 

លោក Jorge Perez

មហាសេដ្ឋីពាន់លាន Perez ដែលធ្លាប់ជាអ្នកម៉ៅការសាងសង់ប៉ម Trump Tower នៅ South Florida និយាយថា ត្រាំបានផ្ញើម៉េលមកគាត់ បន្ទាប់ពីដាក់ចេញ គម្រោងសង់ជញ្ជាំងរួច និងសួរថា តើលោកចាប់អារម្មណ៍សង់ដែរ ឬទេ។ មេសំណង់កើតក្នុងប្រទេស អាហ្សង់ទីនរូបនេះ បានឆ្លើយឆ្លង ជាមួយអ្នកសារព័ត៌មាន ពីការិយាល័យក្រុមហ៊ុន Related Group របស់ខ្លួនថា លោកបានបដិសេធយ៉ាងគួរសម និង អស់សំណើចពីការសង់នេះផង។

លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ ក្នុងបទសម្ភាសន៍មួយថា ការស្វែងរកប្រាក់សង់ជញ្ជាំង ដោយយកពន្ធនាំចូល តាមព្រំដែនម៉ិកស៊ីកូ វាក៏នឹងប៉ះពាល់ អ្នកប្រើប្រាស់នៅអាមេរិកដែរ ហើយចាត់ទុកការការពារនេះ នឹងបង្កទៅជាសង្គ្រាមពាណិជ្ជកម្ម ជាមួយម៉ិកស៊ីកូ។

ជាមហាសេដ្ឋីផង ជាមិត្តភ័ក្ដិនឹងដូណាល់ ត្រាំផង លោកបានហៅគម្រោងថា "ជញ្ជាំងព្រំដែននេះ គឺជារឿងឆ្កួតឡប់បំផុត ដែលខ្ញុំមិនធ្លាប់ឃើញ ឬ បានឮក្នុងមួយជីវិតរបស់ខ្ញុំ។ សង់ជញ្ជាំងដើម្បីអ្វី? អ្នកគិតថាជញ្ជាំង អាចនឹងរារាំងមនុស្សអត់ឃ្លានបាន? មានការងារល្អ សេដ្ឋកិច្ចលូតលាស់ និង សមភាពនៅម៉ិកស៊ីកូ ទៅវិញទេដែលអាចរារាំង អន្តោប្រវេសន៍ មកតាមព្រំដែនបាន។" ចំណែកការិយាល័យ កាសែតសេតវិមាន មិនបានឆ្លើយតប នឹងការលើកឡើងនេះឡើយ។

គួររម្លឹកថា Perez ត្រូវគេស្គាល់ថា ជាស្ដេចខុនដូ (Condo King) កំពុងធ្វើគម្រោង អចលនទ្រព្យជាច្រើន នៅទីក្រុងម៉ិកស៊ីកូ ដែលមានទឹកប្រាក់សរុប ប្រមាណ២ពាន់លានដុល្លារ៕

ដូណាល់ត្រាំ និង Perez

ដកស្រង់ពី៖ Sabay