Social Network

តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកទាត់ចោលសំណើ លោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញបទបញ្ជាស្ដីពីជនភៀសខ្លួន

(វ៉ាស៊ីនតោន)៖ តុលាការឧទ្ធរណ៍ សហព័ន្ធអាមេរិក បានច្រានចោលសំណើរ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញ នូវបទបញ្ជាស្ដីពី ជនភៀសខ្លួន និង ការហាមឃាត់ ប្រជាជនមកពីប្រទេសមូស្លីម ភាគច្រើនចំនួន៧ ចូលក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចៅក្រម តុលាការកំពូលរាំងខ្ទប់ កាលពីថ្ងៃសុក្រ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។ តុលាការកំពូលអាមេរិក បានសម្រេចព្យួរ ឬ ផ្អាកបទបញ្ជារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានដាក់ការហាមឃាត់ ការធ្វើដំណើរមកកាន់អាមេរិក ចំពោះប្រជាជន មកពីបណ្តាប្រទេសមូស្លីម ចំនួន០៧ ដោយចាត់ទុកថា វាផ្ទុយទៅនឹងរដ្ឋធម្មនុញ និងជាការរើសអើង។

ប៉ុន្តែប្រធានាធិបតីថ្មីរូបនេះ មិនបានយល់ស្របតាមនោះឡើយ ដោយលោកអះអាងថា នឹងយកការហាមឃាត់ ដ៏ស្របច្បាប់នោះ ត្រឡប់មកអនុវត្តន៍ឲ្យបាន។ ជាងនេះទៅទៀត លោក ត្រាំ ថែមទាំង បានប្រើពាក្យសម្តីធ្ងន់ៗ ទៅលើលោក James Robart ដែលជាចៅក្រមតុលាការកំពូលម្នាក់ ហើយថាការសម្រេចចិត្ត របស់ចៅក្រមរូបនេះគឺជារឿង គួរឲ្យអស់សំណើច និងជាការអូសទាញអាមេរិក ឲ្យកាន់តែឆ្ងាយ ពីការអនុវត្តច្បាប់ ដ៏ត្រឹមត្រូវ។

គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីសម្រេច ពីតុលាការកំពូល របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានចាប់ផ្តើមអនុវត្តន៍តាមដោយអនុញ្ញាត ឲ្យបណ្តាជនជាតិ មកពីប្រទេសទាំង០៧ ដែលត្រូវបានហាមឃាត់ ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់ អាមេរិកវិញជាធម្មតា។

ប្រជាជនមកពីប្រទេសមូស្លីម ភាគ ច្រើន ដែលត្រូវលោក ដូណាល់ ត្រាំ ហាមជាបណ្ដោះអាសន្ន មិនឱ្យចូលក្នុងសហរដ្ឋអាមេរិក រួមមាន អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, យេមែន និងស៊ីរី៕

ដកស្រង់ពី៖ Fresh News