Social Network

រូបភាពលោក ដូណាល់ ត្រាំ យក​កាំបិតកាត់ក្បាល​រូបសំណាក់​តំណាងឱ្យ​សេរីភាព កំពុងបង្ក​ជាភាពចម្រូងចម្រាស់​នៅ​អាល្លឺម៉ង់

(ប៊ែរឡាំង)៖ ទស្សនាវដ្ដី អាល្លឺម៉ង់ដ៏ល្បីមួយ ឈ្មោះថា Der Spiegel បានបង្កជាភាព ចម្រូងចម្រាស់ និង ការរិះគន់ជាបន្តបន្ទាប់ ដោយសារតែរឿងចេញផ្សាយរូបភាព បង្ហាញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យកកាំបិតកាត់ក្បាលរូបសំណាក់ តំណាងឱ្យសេរីភាព ក្នុងទីក្រុងញូយ៉ក។

ទន្ទឹមគ្នានោះដែរ សារព័ត៌មានអាល្លឺម៉ង់ មួយចំនួនបានចេញមុខ រិះគន់យ៉ាងខ្លំាង ខណៈអនុប្រធានសភាអឺរ៉ុប បានចាត់ទុក រូបភាពនេះថា ជាទង្វើមួយមិនអាច ទទួលយកបាន ចំណែកឯអ្នកជំនាញ ខាងរូបភាព គំនូរជីវចល លោក Edel Rodriguez ចាត់ទុកថារូបភាពនេះ តំណាងឱ្យការ កាត់ក្បាលលិទ្ធិប្រជាធិបតេយ្យ។នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ការចេញផ្សាយរូបភាព របស់ទស្សនាវដ្ដី Der Spiegel ធ្វើឡើងនៅចំពេលដែល ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ហាក់ដូចជា មានភាពតានតឹងគ្នា ក្រោយ លោកដូណាល់ ត្រាំ រិះគន់ឥតសច្ចៃមាត់ លើនយោបាយជនភៀសខ្លួន នៃអធិកាបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ដោយលោក បានហៅគោលនយោបាយ នេះថា «ជាកំហុសមួយអាចបង្កជាគ្រោះមហន្តរាយដ៏ធំ»។

ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ ទីប្រឹក្សាពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិករូបនេះ បានរិះគន់ ទីក្រុងប៊ែរឡាំង ថាបានទទួលផលប្រយោជន៍ មិនស្មើភាពនៃការធ្លាក់ចុះ តម្លៃប្រាក់អឺរ៉ូ។

គួររំលឹកថា រូបភាពកាត់ក្បាល រូបសំណាក់តំណាង ឱ្យសេរីភាព ក៏ធ្លាប់ត្រូវបានកាសែតអាមេរិក New York Daily News ចេញផ្សាយផងដែរ កាលពីខែធ្នូ ឆ្នាំ២០១៥៕


ដកស្រង់ពី៖ Fresh News