Social Network

តួកគីបើកយុទ្ធនាការ​ចាប់​ពួកជីហាត​រដ្ឋ​អ៊ីស្លាម​ទ្រង់ទ្រាយ​ធំ

មួយខែក្រោយភេរវកម្ម ប្រឆាំងនឹងរង្គសាល Reina នៅទីក្រុងអ៊ីស្តង់ប៊ូល ប៉ូលិសតួកគី ចាប់ខ្លួនបានជនសង្ស័យ ជាប់ពាក់ព័ន្ធ នឹងចលនាជីហាតរដ្ឋអ៊ីស្លាម យ៉ាងហោចណាស់ ៤០០នាក់ ក្នុងក្របខ័ណ្ឌ យុទ្ធនាការកម្ចាត់ជនជីហាត ទូទាំងប្រទេស រយៈពេលមួយខែ

ជាប្រតិបត្តិការទ្រង់ទ្រាយធំ ដែលប្រព័ន្ធឃោសនា ព័ត៌មានតួកគី ទើបបង្ហើបឱ្យដឹង នៅថ្ងៃអាទិត្យនេះ និងដែលទំនងជាបានទប់ស្កាត់ មិនឱ្យភេរវកម្មថ្មីមួយទៀតសម្រេចបាន។ អាជ្ញាធរតួកគី មិនបានបញ្ជាក់ទេថា តើជនសង្ស័យចាប់ខ្លួនបាន យកទៅឃុំឃាំងនេះ មានជាប់ពាក់ព័ន្ធនឹងភេរវកម្ម ក្នុងថ្ងៃឆ្លងចូលឆ្នាំថ្មីឆ្នាំសកល នៅក្រុងអង់ការ៉ា ឬក៏អត់ទេ។ ប៉ុន្តែអ្វីដែលប្រាកដ គឺតួកគីបានបើកប្រតិបត្តិការ ដ៏ធំសម្បើមមួយ ទូទាំងប្រទេស ប្រឆាំងនឹងសកម្មជន ជាប់សង្ស័យមានទំនាក់ទំនង ជាមួយអង្គការរដ្ឋអ៊ីស្លាម។

ប្រតិបត្តិការនេះ បានប្រើកម្លាំងប៉ូលិស ជាច្រើនរយនាក់ ឬជិតដល់ពាន់នាក់ ក្នុងក្រុងចំនួនយ៉ាង១៥ រាប់ទាំងអង់ការ៉ា និងអ៊ីស្តង់ប៊ូលផង។ នៅក្នុងចំណោម ជនសង្ស័យចាប់ខ្លួន មានជាច្រើននាក់ ជាជនបរទេស មានជាអាទិ៍ជនជាតិស៊ីរី។ ក្រៅអំពីចាប់ខ្លួនមនុស្ស ប៉ូលិសតួកគី បានរឹបអូសវត្ថុតាងជាច្រើន ដូចជាកុំព្យូទ័រ ឯកសារ និង សម្ភារៈសម្រាប់ឃោសនាមនោគមន៍ជីហាត រដ្ឋអ៊ីស្លាមជាច្រើនទៀត។

នៅក្រុង Izmir ប៉ូលិសបានរកឃើញអាវុធ ជាច្រើនដើមក្នុងដៃ ពួកអ៊ីស្លាមជ្រុលនិយមជីហាតមួយក្រុម ដែលទំនងកំពុងត្រៀមរៀបចំ ផែនការភេរវកម្ម។ នេះបើតាមប្រភពសារព័ត៌មានតួកគី ដែលបានបញ្ជាក់ទៀត ក្រុមនេះមានទំនាក់ទំនងជាមួយ បណ្តាញមេខ្យល់ ដែលដឹកនាំជនជីហាត មកពីស៊ីរីទៅអឺរ៉ុប។

ពេញមួយឆ្នាំ២០១៦ តួកគីបានរងការភេរវកម្ម ជាហូរហែមួយហើយមួយទៀត ជួនពីសំណាក់ក្រុមអង្គការរដ្ឋអ៊ីស្លាម ជួនជាស្នាដៃរបស់ពួកឧទ្ទាម ប្រដាប់អាវុធគួដឌីស្ថាន។ បើតាមសារព័ត៌មានរបស់តួកគី អង្គការរដ្ឋអ៊ីស្លាម បានប៉ុនប៉ងធ្វើភេរវកម្ម នៅអង់ការ៉ា ទន្ទឹមនឹងភេរវកម្ម នៅរង្គសាលក្រុងអ៊ីស្តង់ប៊ូលដែរ តែត្រូវខកខានទៅវិញ ដោយសារអាជ្ញាធរតួកគី ចាប់ខ្លួនជនសង្ស័យបានទាន់ពេលវេលា៕


 

 ដកស្រង់ពី៖ rfi