Social Network

សាហាវ! ពួកឧទ្ទាមធំបំផុតនៅសូម៉ាលី «ប្រហារជីវិតបុរស០៤នាក់ ជាសាធារណៈ» ដែលហ៊ានលួចយកការណ៍សម្ងាត់ ទៅឲ្យអាមេរិក!

(មូហ្គាឌីស៊ូ)៖ ពួកឧទ្ទាម អាល់ សាបាអាប់ ដ៏ធំបំផុត នៅប្រទេសសូម៉ាលី បានធ្វើការប្រហារជីវិត បុរសចំនួន ០៤នាក់ ដែលហ៊ានប្រព្រឹត្តចារកម្មសម្ងាត់ ឲ្យសហរដ្ឋអាមេរិក និងប្រទេសកេនយ៉ា ជាសត្រូវធំបំផុតរបស់ ក្រុមសកម្មប្រយុទ្ធ ដែលជាសម្ព័ន្ធមិត្តជាមួយ ក្រុមភេរវករអាល់កៃដាមួយនេះ។

នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ Channel News Asia ដកស្រង់ពី Reuters នារសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។ ការប្រហារជីវិតខាងលើនេះ ត្រូវបានក្រុមឧទ្ទាមអះអាងថា បានធ្វើឡើង កាលពីថ្ងៃអាទិត្យ នៅពីមុខតុលាការរបស់ពួក អាល់ សាបាអាប់ ដែលមានមូលដ្ឋាន នៅក្នុងស្រុក Jamame នៃតំបន់ Jubba ដែលមានចម្ងាយ ៧០គីឡូម៉ែត្រពីតំបន់ Kismayu ភាគខាងជើងប្រទេសសូម៉ាលី។ពួកគេត្រូវបានប្រហារជីវិតនៅកណ្តាល ចំណោមមនុស្សតែម្តង ប៉ុន្តែគេមិនបានបញ្ជាក់ពីវិធី នៃការប្រហារជីវិតនោះឡើយ។

គួរបញ្ជាក់តាមសារព័ត៌មាន ខាងលើនេះទៀតថា បុរសទាំង០៤នាក់ខាងលើនេះ បានសារភាពថា ពួកគេពិតជាបានធ្វើចារកម្មសម្ងាត់ ឲ្យបណ្តាប្រទេស លោកខាងលិចប្រាកដមែន។ ដោយឡែក បណ្តាប្រទេសលោកខាងលិចវិញ មិនទាន់បានបញ្ចេញប្រតិកម្ម ណាមួយឆ្លើយតបទៅនឹង ការលើកឡើងរបស់ពួក អាល់ សាបាប់ ដែលតែងតែ បង្កទុក្ខទោម្នេញ ដល់បេសកកម្មអង្គការសហប្រជាជាតិ នៅសូម៉ាលីនោះឡើយ៕


ដកស្រង់ពី៖ Fresh News