Social Network

ទីបំផុតចិនចាត់វិធានការក្ដៅ! ដើម្បីជីវិតទីក្រុងប៉េកាំង ការប្រើធ្យូងថ្មនឹងត្រូវកាត់បន្ថយ៣០ភាគរយ នៅឆ្នាំ២០១៧នេះ!

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកំាង គ្រោងនឹងចាត់វិធានការក្ដៅ ក៏ដូចជាសន្យាថា នឹងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ឱ្យបាន៣០ភាគរយ នៅឆ្នាំ២០១៧នេះ ក្នុងក្របខ័ណ្ឌ នៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់អាកាស ក្នុងទីក្រុងដែលមានប្រជាជនរស់នៅខ្ទង់ ២១លាននាក់មួយនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមអភិបាលក្រុងប៉េកាំង លោក Cai Qi អាជ្ញាធរចិន នឹងអនុវត្តន៍វិធានការ ពិសេសសំដៅទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់អាកាស ដោយសារតែការប្រើប្រាស់ធ្យូងថ្ម។ លោក Cai បានលើកឡើងថា «យើងនឹងព្យាយាមកាត់បន្ថយ ការប្រើប្រាស់ធ្យូងថ្ម ត្រឹមកំរិតសូន្យនៅក្នុងស្រុកធំៗ ចំនួន០៦ និងតំបន់ជាច្រើន នៃភាគខាងត្បូង ទីក្រុងប៉េកាំង ហើយវិធានការថ្មីនេះ ក៏គ្រោងនឹងកាត់បន្ថយផងដែរ ការប្រើប្រាស់ធ្យូងថ្ម តិចជាង០៧លានតោន ក្នុងឆ្នាំ២០១៧នេះ»។ ទោះបីជាយ៉ាងណា គេមិនទាន់អាចសន្និដ្ឋាន បាននៅឡើយទេ ថាការសន្យានេះ នឹងត្រូវបានអនុវត្តដល់កំរិតណា ខណៈធ្យូងថ្មជាប្រភពថាមពលដ៏សំខាន់ នៃសេដ្ឋកិច្ចចិន។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ ការបំពុលខ្យល់អាកាស ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពប្រជាជនចិន ទីក្រុងប៉េកាំងបានចាត់វិធានការជាច្រើន ក្នុងនោះរួមមានទាំងការបិទរោងចក្រ ធ្យូងថ្មមួយចំនួន និងហាមមិនឱ្យរថយន្ដធុនធ្ងន់ ធ្វើចរាចរណ៍ក្នុងទីក្រុង។ ក្រុមអាជ្ញាធរកាលពីដំបូងឡើយ មានបំណងកាត់ បន្ថយការប្រើប្រាស់ធ្យូងថ្មឱ្យនៅក្រោម១០លានតោន នៅក្នុងឆ្នាំនេះ បន្ទាប់ពីការប្រើប្រាស់ធ្យូងថ្ម កាលពីឆ្នាំ២០១៣ មានរហូតដល់២២លានតោនឯណោះ៕

 

ដកស្រង់ពី៖ Fresh News