Social Network

មន្ត្រីកំពូលៗ​អាមេរិក-កូរ៉េខាងជើង ជួបពិភាក្សាគ្នា​ហើយនៅ​សិង្ហបុរី មុនមួយ​ថ្ងៃនៃ​ជំនួប ត្រាំ-គីម ត្រូវធ្វើ​ឡើង...

(សេអ៊ូល)៖ ក្រុមមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង និងអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមបើកកិច្ចប្រជុំមួយ នៅក្នុងប្រទេសសិង្ហបុរី ដើម្បី ពិភាក្សាគា្នពាក់ព័ន្ធ នឹងជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃអង្គារស្អែកនេះ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

អគ្គរដ្ឋទូតអាមេរិក លោក ស៊ុង គីម (Sung Kim) កំពុងជួបពិភាក្សា គ្នាជាមួយលោកស្រី ចូ សុនហ៊ុយ (Choe Son-hui) អនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង នៅឯសណ្ឋាគារ រីតស៍ ខាលតុន (Ritz Carlton) នៅថ្ងៃចន្ទនេះ ហើយវាត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងជំនួបរវាងលោក ត្រាំ និងលោក គីម ត្រូវប្រារព្ធនៅសិង្ហបុរី។ លោក Sung Kim និង លោក Choe ធ្លាប់បានជួបគ្នា ជាច្រើនលើករួចមកហើយ នៅឯភូមិផាន់មុនចុម (Panmunjom) នៃព្រំដែនគ្មានយោធា រវាងប្រទេសកូរ៉េទាំងពីរ ដើម្បីជជែកពីរបៀបវារៈ នៃកិច្ចប្រជុំ ក្នុងនោះរួមមាន ទាំងការរំសាយ អាវុធនុយក្លេអ៊ែរ និងការធានាសន្តិសុខកូរ៉េខាងជើង ដោយសហរដ្ឋអាមេរិក។

គួរជម្រាបថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញដូចគ្នា ហើយមេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងជួបមុខគ្នាជាផ្លូវការ នៅសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នៅវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃស្អែកនេះ។ ដោយឡែក នៅក្នុងជំនួបជាប្រវត្តិសាស្ត្រនេះ  គេក៏រំពឹងដែរថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នា ពីការរំសាយអាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាពជាអចិន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួនទៀតទាក់ទិន នឹងទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង ជាពិសេសគឺការដកទណ្ឌកម្ម៕

ដកស្រង់ពី៖ Fresh News