Social Network

គួរឲ្យសង្វេគបំផុត! ជនជាតិជប៉ុនស្លាប់​កើន​​ដល់​​១៧៩នាក់ និងបាត់ខ្លួន​៥៦នាក់ ក្នុងគ្រោះទឹកជំនន់​ដ៏មហាប្រល័យប្រចាំឆ្នាំ២០១៨!

(តូក្យូ)៖ អាជ្ញាធជប៉ុន បានអះអាងនៅថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់  ដែលបង្កឡើង ដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅតាមតំបន់ភាគខាងលិច ប្រទេសជប៉ុន បានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្សបាត់ខ្លួន ៥៦នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។

នេះបើតាមការចេញផ្សាយដោយ ទូរទស្សន៍ជប៉ុន NHK នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។ រដ្ឋាភិបាលជប៉ុន បានបញ្ជូនប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ និងកងទ័ពរាប់ម៉ឺននាក់ រួមទាំងឧទ្ធម្ភាគចក្រ ជិតមួយពាន់គ្រឿងគ្រឿង ឱ្យទៅចូលរួម ក្នុងប្រតិបត្តិការរុករក  និងជួយសង្រ្គោះ នៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំង ដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា,ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ,កូជី, និងសាហ្គា។

ខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់រងគ្រោះ ធ្ងន់ធ្ងរជាងគេ ដោយមានមនុស្ស ៦០នាក់បានស្លាប់។ ចំណែកឯថវិកាជំនួយបន្ទាន់ ១៨លានដុល្លារអាមេរិក ក៏ត្រូវបានរៀបចំ រួចរាល់ផងដែរ ដើម្បីសង្គ្រោះស្ថានការណ៍ ក្រោយទឹកជំនន់ ខណៈការខូចខាត គ្រាន់តែទៅលើ ប្រព័ន្ធផ្គត់ផ្គង់វិស័យកសិកម្មនោះ គឺស្ថិតនៅក្នុងទំហំទឹកប្រាក់ ៦៣លានដុល្លារអាមេរិកទៅហើយ។

គួរបញ្ជាក់ថា ការបំផិ្លចបំផ្លាញ ដោយគ្រោះធម្មជាតិ ដ៏អាក្រក់នេះមានសភាពធ្ងន់ធ្ងរ ស្របពេលផ្ទះ ១១,២០០ខ្នង គ្មានអគ្គីសនី ប្រើប្រាស់ និង៣០០,០០០ខ្នងទៀត គ្មានទឹកស្អាតប្រើប្រាស់ នៅក្នុងខេត្តចំនួន១២។

មួយវិញទៀត បើតាមអ្នកនាំពាក្យរដ្ឋាភិបាល ជប៉ុន លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) ដោយសារតែគ្រោះធម្មជាតិនេះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលុបចោលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលដំបូងឡើយគ្រោងនឹងធ្វើ ឡើងនៅថ្ងៃពុធនេះ៕

ដកស្រង់ពី៖ Fresh News