Social Network

ស្ថានទូតវៀតណាម មិនទទួលញត្តិ បង្វែរឲ្យទៅដាក់នៅ សាលារាជធានីភ្នំពេញ

ភ្នំពេញ៖ មន្រ្តីស្ថានទូតវៀតណាម មិនព្រមទទួលញត្តិទាមទារ របស់សហព័ន្ធនិស្សិត បញ្ញវន្តកម្ពុជា អង្គការ-សមាគម ខ្មែរកម្ពុជាក្រោម និងព្រះសង្ឃ ខ្មែរកម្ពុជាក្រោម ដែលទាមទារ ឲ្យអ្នកនាំពាក្យរបស់ខ្លួន សុំទោសប្រជាពលរដ្ឋខ្មែរ ជាសាធារណៈ និងទទួលស្គាល់ថា ទឹកដីវៀតណាមខាងត្បូង ជាអតីតទឹកដីរបស់ ខ្មែរកម្ពុជាក្រោម នោះឡើយ។ មន្ត្រី ស្ថានទូត បានជំរុញឲ្យក្រុម អ្នកតវ៉ាយក ញត្តិទៅដាក់នៅ សាលារាជធានីភ្នំពេញ ជំនួសវិញ។

ការមិនទទួលញត្តិនេះ បានធ្វើឲ្យក្រុមអ្នកតវ៉ា សម្តែងការខឹងសម្បាយ៉ាងខ្លាំង ព្រមទាំងនាំគ្នាស្រែក ទាម ទារ និងថ្លែងសារ ថ្កោលទោសនានា ទៅកាន់អ្នកនាំពាក្យ ស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង ដែល បាននិយាយបំផ្លើសប្រវត្តិសាស្រ្ត មិនទទួលស្គាល់ទឹកដីភាគខាងត្បូង បច្ចុប្បន្នជាអតីតទឹកដី របស់ កម្ពុជា។ ចាប់តាំងពីវេលាថ្ងៃត្រង់រហូត ម៉ោង ៥ល្ងាច ស្ថានទូតវៀតណាម មិនព្រមចេញ ទទួលយកញត្តិ នោះឡើយ រីឯក្រុមអ្នកតវ៉ា ក៏មិនព្រមបញ្ឈប់ការតវ៉ា របស់ខ្លួននោះដែរ ពោលពួកគេ បានអង្គុយកណ្តាល ថ្នល់ក្រោមកម្តៅថ្ងៃ រហូតដល់ថ្ងៃអស្តង្គត តែព្យុះចិត្ត នៃការទាមទារ មិនបានរលត់ទៅ តាមព្រះសូរិយា ឡើយ។

ក្រុមអ្នកតវ៉ា បានព្រមាននាំគ្នាបោះតង់ នៅមុខស្ថានទូតវៀតណាម ទាមទាររហូត ដល់មានការ ទទួល យកញត្តិពី ស្ថានទូតវៀតណាម ថែមទៀតផង។ ឆ្លើយតបនឹងការព្រមាន បោះតង់តវ៉ានេះ មន្រ្តីជាន់ខ្ពស់ នគរបាលរាជធានីភ្នំពេញ ក៏បានព្រមានចេញ មកចាត់វិធានការ បំបែកផងដែរ។

មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានហៅការតវ៉ា ដោយបោះតង់នោះ គឺជារឿងខុសច្បាប់ និងនាំឲ្យខូច សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅក្នុងសង្គម ។

ទោះបីជាការរង់ចាំ ការចេញទទួលយកញត្តិពី មន្រ្តីស្ថានទូត មិនបានជោគជ័យ យ៉ាងណាក្តី ក្រុមអ្នកតវ៉ា បានរំសាយ ការជួបជុំរបស់ខ្លួន នៅត្រឹមម៉ោង ៥ល្ងាច បន្ទាប់ពីមាន ការបើកឲ្យជួបពិភាក្សា ជាមួយមន្រ្តី សាលារាជធានីភ្នំពេញ។ ទោះយ៉ាងនេះក្តី ក្រុមអ្នកតវ៉ា នៅតែចិញ្ចឹមចិត្តតវ៉ាបន្តទៀត ប្រសិនបើគ្មាន ដំណោះស្រាយសមស្រប ឬក៏គ្មានការទទួល យកញត្តិពីស្ថានទូត វៀតណាមទេនោះ។

នៅក្នុងញត្តិរបស់ សហព័ន្ធនិស្សិត បញ្ញវ័ន្តកម្ពុជា បានឲ្យដឹងថា គ្មានអ្នកប្រវត្តិសាស្រ្តណាម្នាក់ បដិសេធ ថា ទឹកដីកម្ពុជាក្រោម មិនមែនជាទឹកដី របស់ខ្មែរនោះទេ។ ចំពោះភស្តុតាង នៃភូមិសាស្រ្ត ឈ្មោះ វត្តអា រាម ភូមិ ស្រុក ខេត្ត មិនមែនជាឈ្មោះ ជាភាសាវៀតណាមទេ ហើយឈ្មោះ ភូមិ ឃុំ ស្រុក ខេត្តភាគច្រើន វៀតណាមហៅ តាមសំនៀង ភាសាខ្មែរសុទ្ធសាធ ដូចជាខេត្ត ឃ្លាំង វៀតណាម ប្តូរជាសុកត្រាំង ខេត្តផ្សារ ដែក ទៅជាសាឌែក ខេត្តព្រះត្រពាំង ទៅជាខេត្តត្រាវិញ។

នៅព្រឹកម្សិលមិញ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា រួមនិងក្រុមយុវជន មកពីតាមបណ្តាញផ្សេងៗ ប្រមាណ ជា ៣០០នាក់ ព្រមទាំងព្រះសង្ឃខ្មែរកម្ពុជាប្រមាណ ១០០អង្គទៀត បានជួបជុំគ្នាតាំងពីព្រលឹមស្រាងៗ នាំយកញត្តិ ទៅដាក់នៅតាមបណ្តា ស្ថានទូតប្រទេស មហាអំណាចនៅ កម្ពុជាចំនួន៧ រួមមាន ស្ថានទូត វៀតណាម រុស្ស៊ី បារាំង ចិន អង់គ្លេស អាម៉េរិក និងស្ថានទូត សហភាពអឺរ៉ុប ជាដើម ដើម្បីទាមទារឲ្យអ្នក នាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង ព្រមទទួលស្គាល់ នូវសច្ចភាពប្រវត្តិសាស្រ្ត និងសុំទោសប្រជាពលរដ្ឋកម្ពុជា នូវអ្វីដែលបាននិយាយ នាពេលកន្លងមក ប៉ុន្តែមន្រ្តីស្ថានទូតមួយនេះ មិនព្រមចេញ មកទទួលឡើយ។

លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្ត កម្ពុជា បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌ មាន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ថា «យើងទាមទារឲ្យ មន្រ្តីស្ថានទូតរូបនេះ ទទួលស្គាល់ការពិតតាម រយៈការធ្វើការ សុំទោសជាសាធារណៈ ហើយរឿងនេះ មិនអាចធំបានទេ ប្រសិនបើមន្រ្តី អ្នកនាំពាក្យ រូប នេះ មានចិត្តក្លាហាន និយាយពាក្យសុំទោស។ យើងរួមគ្នា យុវជនយើង មិនមែនតូចនោះទេ ដូចលោក ទ្រឹង វ៉ាន់ថុង និយាយនោះទេ បើលោក ទ្រឹង វ៉ាន់ថុង មិននិយាយសុំទោសទេ យើងនឹងតវ៉ាបន្តទៀត»។

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា យុវជនខ្មែរ និង ព្រះសង្ឃ បានរួមគ្នាធ្វើ បាតុកម្មតវ៉ារួច ម្តងមកហើយ នៅមុខស្ថានទូតវៀតណាម ទាមទារឲ្យលោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាម សុំទោស ជាសាធារណៈ ចំពោះពាក្យសំដី ដែលខ្លួនបាននិយាយថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម តាំងពីយូរលង់មកហើយ។

លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរ កម្ពុជាក្រោម បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២១ ខែកក្កដា នេះដែរថា «កាលដែល ពួកយើងធ្វើនេះ ដោយស្របច្បាប់ ដើម្បីប្រយោជន៍ជាតិ ហើយយើងមានការ ឈឺចាប់ពេល ដែលគេ (ស្ថានទូតវៀតណាម) អត់ចេញ មកទទួលញត្តិ»។

អ្នកនាំពាក្យ ស្ថានទូតវៀតណាម លោក ទ្រឹង វ៉ានថុង ធ្លាប់បានមាន ប្រសាសន៍ថា លោកមិនចាប់ អារម្មណ៍ ចំពោះសកម្មភាព តវ៉ារបស់សហព័ន្ធ និស្សិតបញ្ញវ័ន្តកម្ពុជានោះទេ ព្រោះវាគ្មានប្រយោជន៍។

កំណត់ត្រាប្រវត្តិសាស្រ្ត របស់កម្ពុជា បានបង្ហាញថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ក្នុងសម័យបារាំង ដាក់អា ណានិគមលើកម្ពុជា បារាំងបានកាត់ ទឹកដីកម្ពុជាក្រោម ចំនួន២១ ខេត្ត-ក្រុង ដែលមាន ផ្ទៃដីទំហំជាង ៦៨ពាន់គីឡូ ម៉ែត្រក្រឡា (៦៨.៩៦៥ គីឡូម៉េត្រក្រឡា) ទៅឲ្យស្ថិតនៅក្រោមការ គ្រប់ គ្រងរបស់វៀតណាម ដោយគ្មានការឯកភាព យល់ព្រមពីរាជរដ្ឋាភិបាល និងពលរដ្ឋខ្មែរឡើយ។

គិតត្រឹមឆ្នាំ២០១៤នេះ គឺមានរយៈពេល ៦៥ឆ្នាំគត់ ដែលខ្មែរកម្ពុជាក្រោមជាង ១០លាននាក់ ជាម្ចាស់ ទឹកដី ម្ចាស់ស្រុក បានរស់នៅក្រោម ការគ្រប់គ្រងរបស់វៀតណាម ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល