Social Network

ការចរចារវាង ថ្នាក់ដឹកនាំកំពូល គណបក្សប្រជាជន និងសង្គ្រោះជាតិ បានចាប់ផ្តើម នៅព្រឹកនេះ

ភ្នំពេញ៖ កិច្ចប្រជុំរវាង ថ្នាក់ដឹកនាំ កំពូលនៃ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានចាប់ផ្តើម ជួបចរចាគ្នា ដើម្បី ទម្លុះទម្លាយ ភាពជាប់គាំង នយោបាយនៅម៉ោង ៩ ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅវិមាន ព្រឹទ្ធសភា ដោយមាន សមាសភាព ម្ខាងៗ ៨ រូបក្នុងនោះមាន ថ្នាក់ដឹកនាំកំពូល ៣ រូប អមដោយក្រុមជំនួយការ ៥ រូប ម្ខាង។

ឯកឧត្តម ព្រុំ សុខា មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ នៅរសៀល ថ្ងៃទី ២១ ខែកក្កដា ឲ្យដឹងថា សមាសភាព ថ្នាក់ដឹកនាំ កំពូលគណបក្ស ប្រជាជនកម្ពុជា ដែលត្រូវចរចា នៅថ្ងៃទី២២ ខែកក្កដា រួមមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង និងឯកឧត្តម សាយ ឈុំ។

ចំណែកក្រុមជំនួយការ មានចំនួន ៥ រូប គឺ ឯកឧត្តម ប្រាក់ សុខុន ឯកឧត្តម សោម សឿន ឯកឧត្តម សក់ សេដ្ឋា ឯកឧត្តម កើត រិទ្ធ និងរូបឯកឧត្តម (ព្រុំ សុខា)។ ឯកឧត្តម ព្រុំ សុខា បានបញ្ជាក់ថា ការប្រជុំកំពូលថ្នាក់ ដឹកនាំគណបក្សទាំងពីរ គឺដើម្បី បញ្ចប់បញ្ហា ទាំងឡាយ ក្រោយការបោះឆ្នោត ផ្អែកលើកិច្ចព្រមព្រៀង រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤។

ចំណែកឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ បានប្រាប់ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឲ្យដឹងថា ថ្នាក់ដឹកនាំ កំពូលគណបបក្ស សង្គ្រោះជាតិ ដែលត្រូវចរចា ជាមួយថ្នាក់ដឹកនាំកំពូល គណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា រួមមាន៖ ឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា និងឯកឧត្តម ប៉ុល ហំម។

ចំណែកក្រុមជំនួយការ មានចំនួន ៥ រូប គឺឯកឧត្តម សុន ឆ័យ ឯកឧត្តម គួយ ប៊ុនរឿន ឯកឧត្តម យឹម សុវណ្ណ ឯកឧត្តម អេង ឆៃអ៊ាង និងរូបឯកឧត្តម ( យ៉ែម បុញ្ញឫទ្ធិ )។ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា របៀបវារៈដែល ត្រូវយកទៅជជែក ជាមួយខាង គណបក្សប្រជាជនកម្ពុជា គឺការជជែក ពិភាក្សាលំអិត ទៅលើការបញ្ចប់ វិបត្តិនយោបាយ ជាកញ្ចប់រួម ហើយរាល់បញ្ហាទាំងអស់ គឺត្រូវយក មកជជែកពិភាក្សា។

គណបក្សសង្គ្រោះជាតិ មានជំនឿថា កិច្ចប្រជុំចរចានេះ នឹងអាចដោះស្រាយ ជាប់គាំង នយោបាយជិត ១ឆ្នាំ ក្រោយការ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ។ បើទុកឲ្យក្រុម ការងារបច្ចេកទេស ចេះតែបកស្រាយទៅ គឺជជែកអត់ចេះចប់ទេ៕