Social Network

ប៊ិះផ្ទុះអំពើហិង្សា រវាងអ្នកគាំទ្រកូដកម្ម និងអ្នកគាំទ្រថៅកែ រោងចក្រកាត់ដេរ យីហោតេយុង

កណ្ដាល៖ កម្មករការិនី រោងចក្រកាត់ដេរ យីហោតេយុង ខូអិលធីឌី ដែលមានទីតាំង នៅភូមិ បូរីកម្មករ ឃុំ បែកចាន ស្រុក អង្គស្នួល ដែល មានចំនួនសរុបប្រហែល ៨០០នាក់ ក្នុងនោះមានអ្នកគាំទ្រ កូដកម្មមួយចំនួន និងមួយចំនួនធំទៀត បានចូលធ្វើការជាធម្មតា នាំឲ្យ កម្មករ ដែលមិនព្រមចូល ធ្វើការគាំទ្រ ខាងកូដកម្ម មិនសប្បាយចិត្តឈាន ដល់បម្រុងផ្ទះអំពើហិង្សា ដាក់គ្នា ប៉ុន្តែពេលនោះ ដោយមានអន្តរាគមន៍ ពីសមត្ថកិច្ច ទើបស្ងប់ស្ងាត់ ទៅវិញ ហើយអ្នកចូលធ្វើ ក៏បានចូលជាធម្មតា ឯអ្នកគាំទ្រកូដកម្ម ក៏កំពុងឈរ នៅមុខរោងចក្រ បន្ដសកម្មភាពរបស់ខ្លួនតទៅទៀត។

តាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា កម្មកររោងចក្រ តេយុង នេះមានចំនួន សរុបប្រហែលជាង ៨០០នាក់ ហើយពួកគេបាននាំគ្នា ធ្វើកូដកម្ម បែបនេះ អស់រយៈពេលមួយអាទិត្យ មកហើយ ដែលការផ្ទុះកូដកម្មនេះ ដោយសារខាងថៅកែ រោងចក្រ បានដកតំណាងកម្មករ ចំនួន៦នាក់ ចេញពីការងារ។

បន្ទាប់ពីមានករណីនេះ កើតឡើងកម្មករ ក៏បាននាំគ្នា ធ្វើកូដកម្មទាមទារ ឲ្យតំណាងរបស់ពួកគេ បានចូលធ្វើការជា ធម្មតាវិញ និងភ្ជាប់មកនូវ ការទាមទារដក ប្រធានរដ្ឋបាល និងជំនួយការរដ្ឋបាល ចេញពីការងារវិញ។ ប្រភពបន្ដថា ការតស៊ូមតិ អស់រយៈ ពេលមួយសប្ដាហ៍កន្លងមកនេះ ខាងក្រុមប្រឹក្សា អាជ្ញាកណ្ដាល បានបញ្ជាឲ្យថៅកែ ទទួលតំណាងកម្មករ ចំនួន៦នាក់ នោះឲ្យ ចូលធ្វើការវិញ ប៉ុន្តែខាងថៅកែ មិនព្រមទទួល យកតំណាងទាំង៦នាក់ នោះទេ ជាហេតុនាំឲ្យកម្មករ បន្ដធ្វើកូដកម្ម រហូតមកដល់ ពេលនេះដោះស្រាយ មិនទាន់ចេញឡើយ។

ដោយឡែក នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤នេះ ប៊ិះនឹង ផ្ទុះអំពើហិង្សា ដាក់គ្នារវាងកម្មករ អ្នកគាំទ្រកូដកម្ម និងកម្មករគាំទ្រ ថៅកែ ក្រុមហ៊ុន ដោយខាងកម្មករ គាំទ្រកូដកម្មបានគប់ ទឹកស្អុយដាក់ ទៅលើកម្មករ ចូលធ្វើការ ប៉ុន្ដែបញ្ហានេះ បានស្ងប់ស្ងាត់ ទៅវិញបន្ទាប់ពី មានអន្តរាគមន៍ពី សមត្ថកិច្ចមូលដ្ឋាននោះ។

នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះដែរ មានកម្មករ ឃ្លាំងផ្ទុកក្រណាត់ ជីងសៀង ដែលមានទីតាំង នៅក្នុងភូមិ ចុងបង្គោល ឃុំ បែកចាន ស្រុក អង្គស្នួល ជិតគ្នានេះដែរ ប្រមាណជិត៥០នាក់ បាននាំគ្នា ដុតសំបកកង់ឡាន ដើម្បីទាមទារលក្ខខណ្ឌ ការងារ ចំនួន១៤ចំណុច ពីថៅកែឃ្លាំងនោះ ប៉ុន្តែការតវ៉ានេះ មួយប៉ប្រិចភ្នែក ក៏បានស្ងប់ស្ងាត់ ទៅវិញ បន្ទាប់ពីមានការពន្យល់ ណែនាំពី អាជ្ញាធរមាន សមត្ថកិច្ចរួចមក។ តែការដោះស្រាយយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ៕