Social Network

តើបេក្ខភាពណាខ្លះ ពីគណបក្សសង្គ្រោះជាតិ អាចជាប្រធានគណៈកម្មការ នៅរដ្ឋសភា?

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី បានក្លាយជា អ្នកតំណារាស្ត្រហើយ នៅឡើយការកំណត់ ថ្ងៃចូលស្បថ នៅក្នុងព្រះបរមរាជវាំង។ ទន្ទឹមគ្នានេះ សមាសភាព របស់គណបក្ស សង្គ្រោះជាតិ ដែលត្រូវរៀបចំ ក្នុងរចនាសម្ព័ន្ធ ដឹកនាំនៃរដ្ឋសភា ក៏ត្រូវតែរៀបចំភ្លាមៗដែរ។

គណបក្សនេះ នៅមិនទាន់បញ្ចេញព័ត៌មាន ស្តីពីបញ្ជីឈ្មោះ អ្នកដែលត្រូវ ដឹកនាំគណៈកម្មការ ទាំង ៥ នៃរដ្ឋសភានៅឡើយទេ ប៉ុន្តែគេអាច សំឡឹងមើលឃើញ លទ្ធភាព នៃបេក្ខភាពខ្លះៗ ។ ដោយសារតែ គណបក្ស សង្គ្រោះជាតិ បានកើតចេញ ពីការរួមគ្នា រវាងកម្លាំង គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្សនោះ តួនាទី ឬតំណែង នៅក្នុងរដ្ឋសភា នៅពេលត្រូវតែមាន តុល្យភាពគ្នា នៃកូតារបស់ គណបក្សទាំងពីរ។

បើនិយាយអំពី សមាសភាពម្ខាងៗ នៃគណបក្សទាំងពីរ (សម រង្ស៊ី និង សិទ្ធិមនុស្ស) គណបក្ស ទាំងពីរក៏មាន បុគ្គលសំខាន់ រៀងៗខ្លួន។ នៅពេលនេះ គេដឹងហើយថា ឯកឧត្តម កឹម សុខា ដែលជាអនុប្រធាន គណបក្ស សង្គ្រោះជាតិនោះ នឹងធ្វើជា អនុប្រធាន រដ្ឋសភា។ បានន័យថា គណបក្ស សិទ្ធិមនុស្ស បានមួយ តំណែងហើយ។ អ្វីដែលត្រូវ បែងចែកគឺ ប្រធានគណៈកម្មាការ ចំនួន ៥ ទៀត។

នៅក្នុងគណបក្ស សិទ្ធិមនុស្ស បន្ទាប់ពីឯកឧត្តម កឹម សុខា នោះ គឺ ឯកឧត្តម ប៉ុល ហំម និងឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ ដែលលេចធ្លោ ក្នុងពេលកន្លងមក។ ដូច្នេះ គេមើលឃើញថា អ្នកនយោបាយ ទាំងពីរនេះ អាចមានលទ្ធភាព ក្លាយជាប្រធាន គណៈកម្មការរដ្ឋសភា ក្នុងចំណោម ៥ គណៈកម្មការ ដែលគណបក្ស សង្គ្រោះជាតិទទួលបាន។

ប្រសិនបើ គណៈកម្មការ ចំនួន ២ ត្រូវប្រគល់អោយ គណបក្ស សិទ្ធិមនុស្ស ហើយនោះ គណៈកម្មការចំនួន ៣ ទៀត ត្រូវបាន ទៅអតីតសមសភាព គណបក្ស សម រង្ស៊ី។ បេក្ខភាពលេចធ្លោ របស់កូតា គណបក្ស សម រង្ស៊ី រួមមាន ឯកឧត្តម អេង ឆៃអ៊ាង ឯកឧត្តម យឹម សុវណ្ណ ឯកឧត្តម សុន ឆ័យ និងលោកជំទាវ មួរ សុខហួរ។

ក្នុងចំណោម មន្ត្រីជាន់ខ្ពស់ទាំង ៤ រូបនេះ ត្រូវមាន ៣ រូបដែលអាចក្លាយ ជាប្រធានគណៈកម្មការ រដ្ឋសភា។ ហើយថា ក្នុងចំណោម បេក្ខភាពទាំង ៤ រូបនេះ ឯកឧត្តម យឹម សុវណ្ណ និង ឯកឧត្តម សុន ឆ័យ ធ្លាប់បានធ្វើជា ប្រធានគណៈកម្មការ ជំនាញរបស់ រដ្ឋសភាហើយ ក្នុងក្របខណ្ឌ នៃគណបក្ស សម រង្ស៊ី ក្នុងនីតិកាលទី៣ ។ ទោះយ៉ាងក៏ដោយ នៅពេលនេះ គេកំពុងរង់ចាំមើល បញ្ជីឈ្មោះ ផ្លូវការរបស់ គណបក្សសង្គ្រោះជាតិ៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ