Social Network

គណកម្មធិការជាតិ រៀបចំការបោះឆ្នោត ប្រកាសទទួលស្គាល់ ឯកឧត្តម សម រង្ស៊ី ជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចទទួលស្គាល់ ឯកឧត្តមសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជាបេក្ខជនជាប់ឆ្នោត តំណាងរាស្រ្ត មណ្ឌលកំពង់ចាម ជំនួស ឯកឧត្តម គួយ ប៊ុនរឿន ។

នេះបើយោងតាម សេចក្តីសម្រេចរបស់ គ.ជ.ប ដែលចុះហត្ថលេខា ដោយ ឯកឧត្តម អ៊ឹម សួស្តី ប្រធាន គ.ជ.ប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ហើយសេចក្តីសម្រេចនេះ នឹងអនុវត្តចាប់ពីថ្ងៃនេះតទៅ ។

សូមបញ្ជាក់ថា ឯកឧត្តម គួយ ប៊ុនរឿន ដែលជាតំណាងរាស្រ្ត មណ្ឌលកំពង់ចាម នឹងផ្លាស់ប្តូរមកជា សមាជិក គ.ជ.ប វិញ ។

លើសពីនេះទៅទៀត ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម អ៊ឹម សួស្តី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤នេះ បានផ្ញើលិខិតមួយច្បាប់ ទៅប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន អំពីការលុបឈ្មោះ បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្ត បេក្ខជនតំណាងរាស្រ្ត ការទទួលស្គាល់ បញ្ជីបេក្ខជនជាប់ឆ្នោត តំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ (CNRP) មណ្ឌលខេត្តកំពង់ចាម។

យោងតាមលិខិតខាងលើ បានឲ្យដឹងថា បេក្ខជនជាប់ឆ្នោត តំណាងរាស្រ្ត និងបេក្ខជនតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម របស់គណបក្សសង្រ្គោះជាតិ នីតិកាលទី៥មួយចំនួន បានលាលែង និងមួយចំនួនទៀត ត្រូវបានគណបក្ស លុបឈ្មោះសមាជិក  ចេញពីបញ្ជីគណបក្ស។

គណបក្សក៏បានស្នើសុំ គ.ជ.ប ចុះបញ្ជីបេក្ខជនបម្រុងបន្ថែម នៃបក្សសម្រាប់បេក្ខជន តំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម នីតិកាលទី៥៕