Social Network

សម្តេចតេជោ៖ ប្រាក់ខែសមាជិកសភា បក្សប្រឆាំង ជាង១លានដុល្លារ សម្រេចលើ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ប្រាក់ខែជាង ១លានដុល្លារអាម៉េរិក របស់សមាជិកសភា គណបក្សសង្រ្គោះជាតិ ទាំង ៥៥រូប  អំឡុងពេល ធ្វើពហិការ មិនចូលបម្រើការងារ នៅក្នុងរដ្ឋសភា រយៈពេល ប្រមាណមួយឆ្នាំ កន្លងទៅនេះ ត្រូវបាននា យករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សុំមិនចូលខ្លួនពាក់ព័ន្ធ និងទុកលទ្ធភាពឲ្យ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ជា អ្នកសម្រេច។ តែសម្តេច បានរំលេចថា «មិនចូលធ្វើការ មិនចាំបាច់បើកប្រាក់ខែនោះទេ»។

សម្តេចតេជោ ហ៊ុន សែន ពីមជ្ឈមណ្ឌលកោះពេជ្រ ពេលអញ្ជើញប្រគល់សញ្ញា ដល់និស្សិតមកពី សាកលវិទ្យាល័យ ន័រតុន នាព្រឹកថ្ងៃទី១១ ខែសីហា នេះ បានមានប្រសាសន៍ថា សម្តេច ក៏ដូចជាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា  មិនអាចសម្រេច រឿងប្រាក់ខែរបស់សមាជិក សភាគណបក្សសង្រ្គោះជាតិ អំឡុងពេលមិនចូល បម្រើការងារបាននោះ ទេ។ ប្រាក់ខែរបស់តំណាងរាស្រ្ត បក្សប្រឆាំង អំឡុងពេល មិនចូលធ្វើការប្រមាណ ជា១ឆ្នាំមកនេះ ក្នុងម្នាក់មានរហូត ដល់ជាង ២ម៉ឺនដុល្លារ។

បើតាមអ្នកច្បាប់មួយចំនួន ក៏ដូចជាសមាជិកសភា មកពីគណបក្សប្រជាជន បានលើកឡើងថា ប្រាក់ខែរបស់ តំណាងរាស្រ្ត បក្សប្រឆាំង មិនចូលបម្រើការងារនេះ ប្រហែលជា មិនអាចទទួលបាននោះទេ។ មូលហេតុ ដែលមិន អាចទទួលបាននោះ បញ្ហាទី១. តំណាងរាស្រ្តបក្សប្រឆាំងទាំង៥៥រូប មិនទាន់បានបម្រើការងារ, ទី២. ត្បិតមែន  តែតំណាងរាស្រ្ត បានជាប់ឆ្នោត តែមិនទាន់ទទួលបាន អភ័យឯកសិទ្ធិពេញលេញ នៅឡើយ៕