Social Network

សម្តេច​តេ​ជោ​ណែនាំ​ឲ្យ​ចូលរួម​ទប់ស្កាត់​កូ​វី​ដ​-១៩ ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្ដរជាតិ ១ ឧសភា

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ-១៩ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើ១៣៤ នៃទិវាពលកម្មអន្ដរជាតិ ១ឧសភា ។

យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាតែងរៀបចំប្រារព្ធទិវាពលកម្មអន្ដរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៃចលនាកម្មករអន្ដរជាតិ ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១៩៧៩ មកម្ល៉េះ

។ សម្ដេចតេជោបន្ដថា ខួបអនុស្សាវរីយ៍លើ១៣៤ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះប្រារព្ធឡើងក្រោមប្រធានបទ «សន្ដិភាព និងការងារសមរម្យ» ។

ប៉ុន្ដែ ដោយសារតែភាគីពាក់ព័ន្ធទាំងអស់គ្នា កំពុងចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការ ចម្លងវីរុសកូវីដ-១៩ រាជរដ្ឋាភិបាលធ្វើការណែនាំដូចខាងក្រោម ៖

ទី១-ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការវិជ្ជាជីវៈនិយោជកម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ព្រមទាំង កម្មករនិយោជិតទាំងអស់ត្រូវរៀបចំរំលឹកខួបអបអរសារទរទិវាពលកម្មអន្ដរជាតិ ១ ឧសភា តាមរូបភាពការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារ ឬទៅតាមកន្លែងដែលបងប្អូនស្នាក់នៅ ។

ទី២-ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវបន្ដចូលរួមការផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋ ជាពិសេសកម្មករ និយោជិត និងពលករកម្ពុជា ដែលវិលត្រឡប់មកស្រុក កំណើត ឲ្យចូលរួមអនុវត្តឲ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា ។

ទី៣-ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជនបណ្ដាញសារព័ត៌មាន សង្គមនានាឲ្យផ្សព្វផ្សាយសារាចរណែនាំ និងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២០ ។

និងទី៤-ក្រសួង ស្ថាប័នអង្គភាពរដ្ឋក៏ដូចជា រដ្ឋបាលរាជធានី និងខេត្តទាំងអស់ និងសហគ្រាស គ្រឹះស្ថាន ឯកជនត្រូវជ្រើសរើសទីតាំងសមស្របដូចជា ដងវិថីសំខាន់ ដើម្បីធ្វើការចងបដាពាក្យស្លោកតាមខ្លឹមសារនានារបស់រាជរដ្ឋាភិបាល ។

ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលអំពាវនាវដល់មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក កម្មករនិយោជិតកម្ពុជា និងពលករបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្នុងបរិយាកាសសោមនស្ស រីករាយ សាមគ្គីភាព និងតាតរភាព ដើម្បីឲ្យស័ក្តិសមជាបុណ្យការងាររបស់ជាតិកម្ពុជា ៕

ដកស្រង់ពី៖ Fresh News