Social Network

៣​ខែ​ដំបូង​កម្ពុជា​នាំ​អង្ករ​ទៅ​ក្រៅប្រទេស​ជាង២៣​ម៉ឺន​តោន ​ខណៈ​ចិន​នៅ​តែ​ជាទីផ្សារ​នាំមុខ​គេ

រាជធានីភ្នំពេញ៖ ស្ថិតក្នុងកាលៈទេសៈស្ថានភាព និងសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងទទួល រងឥទ្ធិពលពីជំងឺកូវីដ ១៩ តែការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល ៣ខែដំបូង ដើមឆ្នាំ ២០២០នេះនៅរក្សាបានសន្ទុះ និងមានកំណើនគួរឱ្យចាប់អារម្មណ៍ ជាក់ស្តែងនៅ ៣ខែ ដើមឆ្នាំនេះកម្ពុជានាំចេញអង្ករសរុបានជាង ២៣ម៉ឺនតោនកើនឡើងជាង ៣០% បើប្រៀប ធៀបកាលពីឆ្នាំ ២០១៩កន្លងទៅ ។

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី ១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញឱ្យដឹងកាលពីថ្ងៃទី ២៧ខែមេសានេះថា បរិមាណនាំចេញអង្ករក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះបានចំនួន ២៣០.៩៤៥ តោនមានការកើនឡើងចំនួន ៦០.១២៧តោន ស្មើ ប្រមាណជាង ៣៥% ច្រើនជាងបរិមាណនាំចេញត្រីមាសទី ១ ឆ្នាំ ២០១៩ ។

របាយការណ៍គូសបញ្ជាក់ថា នៅក្នុង ៣ខែដើមឆ្នាំ ២០២០នេះអង្ករកម្ពុជានាំចេញទៅកាន់ ទិសដៅចំនួន ៤៥ប្រទេស ក្នុងនោះប្រទេសចិនជាប់លំដាប់ទី ១ (៩២.៣៤៩តោន), ប្រទេសបារាំងទី ២ (២៣.៩១៦តោន), ប្រទេសហ្គាបុងទី ៣ (១២.៨៩៨តោន), ប្រទេស វៀតណាមទី ៤ (១២.៤៦៦តោន), ប្រទេសម៉ាឡេស៊ីទី ៥ (១០.១៧៣តោន), ប្រទេសអូ ស្ត្រាលីទី ៦ (៩.៧៨១តោន), ប្រទេសណេដឺឡែនទី ៧ (៩.៤៧៧តោន), ហុងកុងទី ៨ (៨.៦៧៦តោន) , ប្រទេសអង់គ្លេសទី ៩ (៥.៨៧០តោន) និងប្រទេសប៉ូឡូញទី ១០ (៥.៦៥៣តោន) ។

ការនាំចេញអង្ករក្នុងត្រីមាសទី ១ ដើមឆ្នាំ២ ០២០នេះសហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញពី ការយល់ឃើញរបស់ខ្លួនថា សម្រាប់ត្រីមាសទី ១ នៃដើមឆ្នាំ ២០២០នេះ កម្ពុជាសម្រេច បានការនាំចេញអង្ករក្រអូបចំនួន ៧៤% អង្ករស ចំនួន ២៤% អង្ករចំហុយ ចំនួន ១% និង អង្ករសរីរាង្គចំនួន ១% ។

នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះដដែល អង្ករក្រអូបបានកើន ចំនួន ១៤% អង្ករស បានកើនចំនួន ២៤៩% មានបរិមាណ ៥៤ ៤៧៦ តោន បើធៀបទៅ នឹងត្រីមាសទី ១ ឆ្នាំ ២០១៩ បានត្រឹមតែ ១៥ ៦០៥ តោនតែប៉ុណ្ណោះ ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា «តាមការគណនាលើតម្លៃនៃការនាំចេញ FOB កម្ពុជា បានទទួលចំណូលពីការនាំចេញអង្ករទៅទីផ្សារអន្តរជាតិប្រមាណជា ១៦១ លានដុល្លារ អាមេរិក នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ» ។

ពាក់ព័ន្ធនិងវិស័យស្រូវអង្ករកម្ពុជានៅពេលកន្លងទៅនេះប្រមុខរាជរដ្ឋាភិបាលបានហាម ឬដាក់បំរាមមិនឱ្យមានការនាំចេញអង្ករសទៅកាន់ទីផ្សារខាងក្រៅនោះទេ ពោលគឺទុក សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ២៧ខែ មេសាថា «ការបិទមិនឱ្យមានការនាំចេញអង្ករស ស្ថិតនៅក្នុងបញ្ហានៃជំងឺកូវីដ ១៩ នេះ វាប៉ះពាល់ដល់បរិមាណនៃការនាំចេញអង្ករខ្លះដែរ តែអង្ករក្រអូបការនាំចេញក្នុងល្បឿន ធម្មតាអត់មានការរាំងស្ទះអ្វីនោះទេ ។

ការបិទមិនឱ្យនាំចេញអង្ករសនេះក៏មិនមែនបិទ រហូតនោះទេ គឺបិទក្នុងរយៈពេលខ្លីណាមួយ ពេលយើងពិនិត្យមើលស្ថានភាពអាចឱ្យនាំ ចេញបាន គឺឱ្យនាំចេញឡើងវិញ» ។

លោកសង្កត់ធ្ងន់ថា «ការបិទមិនឱ្យនាំចេញអង្ករសនេះ បើយើងនិយាយពីផលសេដ្ឋកិច្ច គឺយើងគ្រាន់តែខាតបង់បរិមាណ តែបើនិយាយទឹកប្រាក់មិនជាខាតប៉ុន្មាននោះទេ ព្រោះ អង្ករក្រអូបស្ថិតក្នុងបញ្ហាកូវីដនេះក៏ឡើងថ្លៃខ្លះដែរ អ៊ីចឹងបើយើងស៊ីងសងគ្នាទៅវាមិន មានផលអវិជ្ជមាននោះទេ» ៕

ដកស្រង់ពី៖ Fresh News