Social Network

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យរដ្ឋមន្រ្តី តាមក្រសួង ត្រូវដុសខាត់ មន្រ្តីរបស់ខ្លួន ដើម្បីលុបបំបាត់ អំពើពុករលួយ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញ ឲ្យរដ្ឋមន្រ្តី នៅតាមបណ្តាលក្រសួង នីមួយៗត្រូវ ដុសខាត់ និងដុសក្អែល មន្រ្តីក្រោមឱវាទ ដើម្បីរួមគ្នាលុបបំបាត់ អំពើពុករលួយ នៅក្នុងសង្គមកម្ពុជា ។

សម្តេចបាន មានប្រសាសន៍ បន្តទៀតថា សម្រាប់អាណត្តិទី៥នេះ គឺយុទ្ធនាការ ប្រឆាំងអំពើពុករលួយ និងធ្វើឡើងជាបន្តបន្ទាប់ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នៅក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើ ពុករលួយ របស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហ ប្រតិបត្តិការ សេដ្ឋកិច្ច និងអភិឌ្ឍន៍ នៅសណ្ឋាគារ អ៊ិនធឺខុន នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ថា ទាំងវិស័យរដ្ឋ ឯកជន សង្គមស៊ីវិល និងបណ្តាលក្រុមហ៊ុន នានាត្រូវរួមសហការគ្នា លុបបំបាត់អំពើពុករលួយ ព្រោះទោះបី ជាយ៉ាងណាក៏ នៅតែមានមន្រ្តីតូចតាច និងបុគ្គលិក នៅតែប្រព្រឹត្ត សកម្មភាពនេះដដែល ។

សម្តេចបាន មានប្រសាសន៍បន្តថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ ដែលប្រទេសអ្នកមាន អំណាច បានដាក់ចំណាត់ថ្នាក់ ជាប្រទេសក្រីក្រ និងប្រព្រឹអំពើពុករលួយ ។ សម្តេចបានបញ្ជាក់ថា "ក្រសួង-ស្ថាប័ននីមួយៗ ត្រូវតែធ្វើការកែទម្រង់ ផ្ទៃក្នុងរបស់ខ្លួន ដោយឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល ហើយធ្វើការងារឲ្យកាន់តែមានប្រសិទ្ធិភាព តម្លាភាព និងមានគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល ជាពិសេសចំពោះ ប្រជាពលរដ្ឋរបស់ខ្លូន" ។

សម្តេចនាយករដ្ឋមន្រ្តី បន្ថែមថា គោលដៅសំខាន់ក្នុង ការសម្រេចចិត្ត នៃការកែទម្រង់នេះ គឺធានាថា ក្រសួង-ស្ថាប័ននីមួយៗ ធ្វើការងារ ដើម្បីសម្រេចបាននូវលទ្ធផល ទៅតាមគោនយោបាយនិង កម្មវិធីអភិវឌ្ឍ ដែលបានដាក់ចេញ ដើម្បីនាំមកវិញនូវ កំណើនសេដ្ឋកិច្ច ជីវភាពរស់ នៅល្អប្រសើរ ឱកាសស្មើៗគ្នា និងយុត្តិធម៌សង្គម សម្រាប់មនុស្សគ្រប់រូប។

សម្តេចតេជោ បានលើកឡើងទៀតថា "យើងជឿជាក់ថា ការធ្វើបែបនេះនឹងបង្កើត ឡើងនូវបរិយាកាស កាន់តែមានអំណោយ ផល សម្រាប់ការប្រឆាំង អំពើពុករលួយ ប្រកបដោយប្រសិទ្ធិភាព ក្នុងក្រសួង-ស្ថាប័ន នីមួយៗរួមទាំង ការងារបង្ការទប់ស្កាត់ជាមុន" ។ សម្តេចតេជោ ក៏បានអបអេសាទរ ចំពោះការចាប់ផ្តើម ក្នុងពេលថ្មីៗ កន្លងទៅនេះ នូវគំនិត ផ្តួចផ្តើម របស់ ស្ថាប័នប្រឆាំង អំពើពុករលួយ និងវិស័យឯកជន ក្នុងការរួមដៃគ្នា បន្ថែមទៀត។

នាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា "យើងលើកទឹកចិត្ត ដល់តួអង្គក្នុងវិស័យឯកជន ឲ្យយកចិត្ត ទុកដាក់ធ្វើ ឲ្យកាន់តែប្រសើរឡើង នូវកម្មវិធីប្រឆាំងអំពើ ពុករលួយនៅ ក្នុងអង្គភាព របស់ខ្លួន។  ថ្មីៗនេះ យើងឃើញ មានក្រុមហ៊ុនសាជីវកម្ម ចម្រុះជាតិសាសន៍ ល្បីល្បាញ ដែលមានកេរ្តិ៍ឈ្មោះ ក្នុងការធ្វើធុរកិច្ចសុចរិត បានចាប់ផ្តើមវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា ដែលជាការផ្តល់ សញ្ញាឲ្យទូទាំងពិភពលោក មើលឃើញថា កម្ពុជាក៏ជាកន្លែងអាចធ្វើ ឲ្យក្រុមហ៊ុនធំៗ ធ្វើអាជីវកម្មក្នុងបរិស្ថាន ស្អាតស្អំផងដែរ"។

ព្រមជាមួយគ្នានេះដែរ សម្តេចបានបន្តថា តួអង្គផ្សេងទៀតដូចជា សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ ពិសេសសាធារណជន ក៏មានតួនាទីសំខាន់ ក្នុងការចូលរួម ប្រយុទ្ធប្រឆាំងអំពើ ពុករលួយនេះដែរ៕