Social Network

ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ តែត្រូវគោរពតាមលក្ខខណ្ឌសុវត្ថិភាព

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានចេញលិខិតប្រាប់ប្រធានសហព័ន្ធកីឡាជាតិ ស្ដីពីការអនុញ្ញាត ឲ្យធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ។

លិខិតរបស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ដំណើរការហាត់ហ្វឹកហ្វឺន និងប្រកួតលីគរបស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការ អនុវត្តច្បាស់លាស់ និងត្រូវគោរពតាមលក្ខខណ្ឌសុវត្ថិភាពមួយចំនួន ដូចខាងក្រោម៖

* ១៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួតត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព

* ២៖ ទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ

* ៣៖ កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ជាប្រចាំ តាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល

* ៤៖ ត្រូវធ្វើសេចក្ដីណែនាំទៅក្លិបលីគ ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការការពារជំងឺកូវីដ-១៩ បានត្រឹមត្រូវ និងម៉ឺងមាត់មុនហាត់ និងប្រកួត

* ៥៖ ការប្រកួតលីគត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន

* ៦៖ ការប្រកួតលីគ មិនត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់ឡើយ

* ៧៖ ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតសង្គម និងគម្លាតបុគ្គល (មិនត្រូវចាប់ដៃ និងឱបរឹតគ្នាពេលទាត់ចូលឡើយ)

* ៨៖ ត្រូវធានាថា កន្លែងហាត់ និងប្រកួតលីគ មិនមែនជាកន្លែងឆ្លងជំងឺកូវីដ-១៩ រលកទីពីរឡើយ

* ៩៖ ករណីការប្រកួតលីគអនុវត្ត ពុំបានត្រឹមត្រូវតាមវិធាន និងការណែនាំបច្ចេកទេស របស់ក្រសួងសុខាភិបាលសហព័ន្ធ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

ដកស្រង់ពី៖ Fresh News