Social Network

កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងសប្បុរសជន ចែកអំណោយជូនពលរដ្ឋគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៧គ្រួសារ នៅស្រុកកោះធំ

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំប្រតិភូ កាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចែកជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៧គ្រួសារ ស្ថិតនៅឃុំឈើខ្មៅ ស្រុកកោះធំ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

លោក គង់ សោភ័ណ្ឌ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងក្តុកក្តួលយ៉ាងក្រៃលែង ដែលសម្តេចតែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ជាមួយគ្នានេះ លោកសំណូមពរដល់គ្រួសាររងគ្រោះ សូមមេត្តាកាត់ចិត្ត ទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញ ឲ្យមានភាពប្រសើរឡើង។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវមានអនាម័យខ្លួនប្រាណជាប្រចាំ បើទោះបីជានៅក្នុងប្រទេសកម្ពុជារបស់យើងសព្វថ្ងៃនេះ មិនមានការឆ្លងនៅក្នុងសហគមន៍ក៏ដោយ។

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងសប្បុរសជននាំយកក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ម៉ាស់១បន្ទះ ទឹកអាល់កុល១ដប អាវយឺត៥ ក្នុងនោះគ្រួសាររបើកដំបូលធ្ងន់ធ្ងរ ទទួលបានថវិកា ១៩ម៉ឺនរៀល របើកដំបូលដោយអន្លើ និងអ្នករងរបួស ថវិកា១៤ម៉ឺនរៀល និងគ្រួសាររលំទាំងស្រុង ចំនួន៦ ទទួលបានតង់កៅស៊ូតង់១ផ្ទាំង៕

ដកស្រង់ពី៖ Fresh News