Social Network

សម្តេច ស ខេ​ង ៖ កន្លង​មក​មាន​នគរបាល​រៀន​ជំនាញ​ចប់ ហើយ​យក​ជំនាញ​ទៅ​ធ្វើ​ចោរកម្ម ឬ​រឿង​ផ្សេង​ៗ

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា កន្លងមកមាននគរបាលដែលបានចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជជីវៈ ហើយបានយកជំនាញនេះធ្វើចោរ ឬរឿងផ្សេងៗ ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

បញ្ជាក់ថា៖« ខ្ញុំបានផ្តល់គោលការណ៍ថា មុននឹងយើងទទួលយកសិក្ខាកាមណាមួយមករៀនត្រូវពិនិត្យមើល ហើយពិនិត្យឃើញថា បើមានសិក្ខាកាមណាមួយធ្លាប់រៀន ហើយគួរបញ្ជូនទៅវិញនេះទី១ ។

ចំណែកទី២ គឺនាយកដ្ឋានបុគ្គលិកត្រូវចង្អុលធ្វើផែនការ ដើម្បីបញ្ជូនអ្នក ដែលមិនទាន់រៀនមករៀន ហើយទន្ទឹមនោះអង្គភាពប្រើប្រាស់កម្លាំង (មិនថាអធិការនគរបាល ឬស្នងការនគរបាល ឬអគ្គស្នងការនគរបាល ឬអង្គភាពក្រោមចំណុះ) ត្រូវយកចិត្តទុកដាក់ផ្តល់តម្លៃនៃមន្ត្រីដែលបណ្តុះបណ្តាលនោះ» ។

សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា ៖«ទេវា មានមន្ត្រីយើង ដែលបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចេះជំនាញ ប៉ុន្តែអត់មានគុណធម៌ក៏មាន! ។

ពេលរៀនបានច្រើនចេះដឹងច្រើន តែពេលចេញទៅវិញធ្វើសកម្មភាពផ្តេសផ្តាស អាហ្នឹងមានដែរ ជួនអីទៅធ្វើសកម្មភាពចោរប្លន់ ចោលលួចអាហ្នឹងក៏មាន តែអាហ្នឹងរឿងផ្សេង ប៉ុន្តែអ្នកដែលមានគុណភាពល្អប្រវត្តិល្អចំណេះដឹងល្អ ដែលលុតដំល្អត្រូវប្រើប្រាស់ ដោយជៀសវាងគំនិតថា បើប្រើមិនបានបញ្ជូនទៅរៀន» ។

សម្តេច ស ខេង ក៏បានលើកឡើងថា កុំអាងពេលប្រើធ្វើមិនបាន ហើយបញ្ជូនមករៀន រហូតធ្វើឲ្យគាត់ក្លាយជាមុខរបរៀនមួយមុខឲ្យសោះ ។

អាលូវខ្ញុំគិតថា មិនសូវមានទេ ប៉ុន្តែពេលមុនច្រើន ហើយពេលនេះយើងធ្វើការបណ្តុះបណ្តាលនៅដោយធ្វើបញ្ជីឈ្មោះ ត្រឹមត្រូវអីញ្ចឹងមិនអាចកើតមានទេ ។

សម្តេចក៏បានបន្តថា ពេលត្រូវធ្វើកំណែទម្រង់ដោយត្រូវធ្វើបញ្ជីឈ្មោះ ហើយចុចឲ្យមកបង្រៀនតែម្តង ព្រោះថា ការធ្វើកំណែទម្រង់មានច្រើន ដោយមិនអាចនិយាយបានទទេដោយចាំមាត់នោះទេ ។

គឺយកចំណុចនោះមកធ្វើផ្ទាល់តែម្តង ដើម្បីដោះស្រាយផ្ទាល់ទើបដឹងច្បាស់ និងបង្ហាញពីសមត្ថភាពអាចធ្វើបាន ឬមានគុណភាពគ្រប់គ្រាន់ ។ សម្តេចបញ្ជាក់ថា៖«ពេលមុនយើងប្រើពាក្យថា«មានតែវាខ្វះ»

ចង់ប្រែថា វាមាន ប៉ុន្តែមនុស្សមិនចេះធ្វើការអ្វីទេ មានតែក្របខណ្ឌ តែពេលនេះយើងលុបបំបាត់ទាំងនេះ គឺចង់មានន័យថា មានតែមនុស្សមានតែគុណភាព គុណធម៌សមត្ថភាព យើងធ្វើបែបនេះជាការល្អ ដើម្បីកុំឲ្យមានតែមនុស្សអត់មានការងារ គឺមានទាំងមនុស្សមានមានសមត្ថភាព» ។

ជាមួយគ្នានោះដែរ សម្តេចក្រឡា ហោម ស ខេង ក៏បានស្នើដល់នាយកដ្ឋាន អគ្គនាយករដ្ឋាន…ត្រូវធ្វើការវិភាគមុខងារឲ្យច្បាស់ថា ខ្លួនត្រូវធ្វើការអ្វីខ្លះ ហើយត្រូវធ្វើការស្រាវជ្រាវឲ្យច្បាស់ចំពោះគេថា គេចេះដឹងជំនាញអ្វីខ្លះ មានប្រវត្តិពីណាដោយកុំតែប្រើមនោសញ្ចេតនាថា នេះក្មួយខ្ញុំ ចេះនេះ ចេះនោះ ប៉ុន្តែចុងក្រោយធ្វើមិនកើត ។

ចំណុចនេះយើងមិនត្រូវធ្វើទេ គឺត្រូវថា បើយើងមានកន្លែងក្របខណ្ឌ១០០នាក់ ហើយមន្ត្រី១០០នាក់ ត្រូវតែស្មើភាពគ្នាក្នុងការធ្វើការ ។

សម្តេចក៏បានលើកឡើងការធ្វើកំណែទម្រង់លើវិស័យនគរបាលមានច្រើនទៀត ត្រូវខិតខំធ្វើទាំងអស់គ្នា តែភាគីច្រើនឃើញបានធ្វើច្រើនដែរ ។

មិនថាកំណែទម្រង់វិស័យនគរបាលទេ គឺមានវិស័យច្រើនផ្សេងទៀតត្រូវធ្វើ តែពេលនេះទើបសុំស្នើទៅរាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ កោះសន្តិភាព