Social Network

លោក អង្គ វង្សវឌ្ឍានា និងលោក កើត រិទ្ធ ចូលរួមចែកកង់ជាង៣០០គ្រឿង ដែលជាអំណោយរបស់ KJO ដល់សិស្សនៅអនុវិទ្យាល័យតាណាក ខេត្តបាត់ដំបង

(បាត់ដំបង)៖ លោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានទី១ នៃក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី បានចូលរួមក្នុងពិធីចែកកង់ចំនួន ៣៥១គ្រឿង ដែលជាអំណោយរបស់អង្គការកុគឺសៃ (KJO) ដល់អនុវិទ្យាល័យតាណាក។

ពិធីនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាបរិវេណអនុវិទ្យាល័យតាណាក ក្នុងឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក Masahiro Sanu ប្រធានអង្គការកុគឺសៃKJO, សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមោងឬស្សី មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំគារ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៥០០នាក់។

នៅក្នុងពិធីនេះ លោករដ្ឋមន្ត្រីបានលើកទ្បើងថា ក្រោមការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោកទេសរដ្ឋមន្រ្តីប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមោងឬស្សី រួមនឹងកិច្ចសហប្រតិបតិ្តការល្អជាមួយអង្គការកុគឹសៃ (KJO) ក្រុមការងារនឹងបន្តពាំនាំយកកង់ មកចែកជូនសិស្សានុសិស្ស ឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឲ្យសិស្សានុសិស្សដែលទទួលបានកង់ត្រូវចេះថែរក្សា និងប្រើប្រាស់កង់ទាំងនោះជាប្រយោជន៍ក្នុងការសិក្សា ព្រមទាំងត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ឱ្យកាន់តែល្អប្រសើរ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី ក៏ដូចជាសសរទ្រូងប្រទេសជាតិ នាពេលដ៏ខ្លីខាងមុខនេះ។

បន្ទាប់មក លោក អង្គ វង្សវឌ្ឍានា និងលោក កើត រិទ្ធ ក៏បានផ្តល់ជូននូវអំណោយជាថវិកា និងសម្ភារសិក្សាជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ ព្រមទាំងបានឧបត្ថម្ភជាថវិកាដល់បឋមសិក្សាអនុវិទ្យាល័យតាណាកផងដែរ៕

ដកស្រង់ពី៖ Fresh News