Social Network

ដំណាំ​ស្រូវ២ឃុំនឹងប្រឈមការ​ខូច​ខាត បើគ្មានភ្លៀង​ធ្លាក់​

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៏ពីស្រុកកែវសីមាបានឲ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋចំនួន២ឃុំនឹងប្រឈមការខូចខាត ប្រសិនក្នុងអំឡុង៧ទៅ១០ថ្ងៃទៀតមិនមានភ្លៀងធ្លាក់ បញ្ហានេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់កសិកររស់នៅតំបន់នោះ។

សេចក្តីរាយការណ៏បន្តថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហកាជាមួយអាជ្ញាធរឃុំ មេម៉ង់ និងឃុំចុងផ្លាស់ ចុះពិនិត្យដំណាំស្រូវដែលទទួលផលប៉ះពាល់ដោយគ្រោះរាំងស្ងួតឃុំទាំពីរមានផលប៉ះពាល់សំណាបសរុបចំនួន ០៨ភូមិ ស្មើនិង ៩២១ គ្រួសារ ផ្ទៃដីសរុប ១២ហិកតា ក្នុងនោះ ឃុំមេម៉ង់ស្មើនិង ៤២១ គ្រួសារ ផ្ទៃដីសរុប៧ហិកតា និងមាន៥ភូមិ ចំណែកឃុំចុងផ្លាស់ស្មើនិង ៥០០ គ្រួសារ ផ្ទៃដីសរុប ៥ ហិកតា មានចំនួន៣ភូមិ។ចំណែកសន្ទូងពុំមានផលប៉ះពាល់ទេ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ សីហា ២០២០ ថា ប៉ុន្មានថ្ងៃកន្លងមកនេះ ចាប់ពីអំឡុងចុងខែកក្កដា ការបង្កបង្កើនដំណាំស្រូវនៅឃុំខាងលើបានរងនូវការប៉ះពាល់ខ្លះៗបណ្តាលមកពីអាកាសធាតុរាំងស្ងួត ។

ព្រោះមិនមានប្រភពទឹកសម្រាប់ស្រោចស្រព្វ សំណាប និងសន្ទូងប្រឈមនិងការខូចខាតប្រសិនបើពុំមានភ្លៀងធ្លាក់។

លោកប្រធានមន្ទីរបន្តថា កសិករនៅឃុំមេម៉ង់និងឃុំចុងផ្លាស់ មានទម្លាប់ធ្វើស្រែតាមចង្កេះភ្នំ ដូច្នេះដំណាំស្រូវនៅតំបន់នោះត្រូវពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង ដ្បិតឃុំទាំងពីរមិនទាន់មានប្រព័ន្ឋប្រឡាយទឹកសម្រាប់បូមដាក់ស្រែនោះទេ ។

ប៉ុន្តែជាវិធានការមន្ទីរកសិកម្មបានត្រៀមរួចរាល់នូវការជួយសង្គ្រោះដំណាំស្រូវរបស់កសិករ ប្រសិនបើអាកាសធាតុនៅតែអូសបន្លាយមិនមានភ្លៀងធ្លាក់ មន្ត្រីជំនាញនិងជួយផ្តល់ជាប្រេងឬម៉ាស៊ីន បូមទឹកដល់ កសិករណាដែលមានស្រែនៅជិតអូរឬត្រពាំងដើម្បីបូមទឹកសង្គ្រោះស្រូវ។

ដោយឡែកក្នុងករណីដំណាំស្រូវទាំងនោះមានការខូចខាត មន្ទីរនិងផ្តល់ពូជស្រូវដល់ពួកគាត់ដាំដុះឡើងវិញ។ បើតាមអាជ្ញាធរឃុំមេម៉ង បានឲ្យដឹងថា ខណៈដំណាំស្រូវរបស់ប្រជាពលរដ្ឋកំពុងប្រឈមទៅនឹងការខូចខាត ព្រោះតែមេឃមិនមានភ្លៀងធ្លាប់អស់ជាច្រើនសប្តាហ៏ ស្រាប់តែនៅយប់ថ្ងៃទី៣១ កក្កដា ឈានចូលថ្ងៃទី១ សីហា មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ធ្វើឲ្យដំណាំស្រូវនិងដំណាំផ្សេងមានសង្ឃឹមឡើងវិញ៕

ដកស្រង់ពី៖ កោះសន្តិភាព