Social Network

រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន នឹងដឹកនាំកិច្ចប្រជុំនៅថ្ងៃស្អែក ដើម្បីប្រកាសសមាសភាព លោក សួន សេរីរដ្ឋា ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ

(ភ្នំពេញ)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នឹងដឹកនាំកិច្ចប្រជុំមួយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ដើម្បីប្រកាសសមាសភាព លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅសាលប្រជុំជាន់ទី៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនានា។

បន្ទាប់ពីត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក សួន សេរីរដ្ឋា ត្រូវបាន លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រគល់ភារកិច្ចឱ្យទទួលដឹកនាំ និងសម្របសម្រួលអភិវឌ្ឍន៍ជនជាតិភាគតិច និងរង់ចាំទទួលភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

សូមបញ្ជាក់ថា បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោក សួន សេរីរដ្ឋា ត្រូវបាន ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ តាមសំណើទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដកស្រង់ពី៖ Fresh News