Social Network

សម្តេច សាយ ឈុំ ផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រមទាំងសមាជិក សមាជិកា នៃព្រឹទ្ធសភា សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តសិទ្ធលើលោក សូមប្រសិទ្ធពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន ទទួលបាននូវ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យថ្មី បន្ថែមទៀតដ៏ត្រចះត្រង់ ក្នុងបេសសកម្មដ៏ឧត្ដុង្គឧត្ដម របស់សម្ដេចចំពោះប្រជាជន និងប្រទេសជាតិ។

សារលិខិតជូនពរ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ថា «សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការប្រកបដោយ ប្រសិទ្ធភាពខ្ពស់បំផុត ដើម្បទទប់ស្កាត់ជំងឺ កូវីដ១៩ ដែលរីករាលដាលនៅកម្ពុជាប្រកបដោយជោគជ័យ។

មានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ ប្រជាជនកម្ពុជា បន្តទទួលបាននូវក្តីសុខ និងសុភមង្គល ហើយព្រះរាជាណាចក្រកម្ពុជា នឹងបន្តទទួលបាននូវកិត្យានុភាព និងឧត្តមភាព ល្បីរន្ទឺទាំងសាកលលោក»។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖ Fresh News