Social Network

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ រដ្ឋមន្ត្រី​ទាំងអស់​មិន​ចាត់​ទុក​ថា ឆ្លាត​ជា​អ្នក​សារព័ត៌មាន​នោះ​ទេ

(ភ្នំពេញ)៖ ប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ ធ្វើឡើងនៅក្នុងឱកាសរៀបចំវេទិការពិភាក្សាវាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០៕

ក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ៖ «មិនប្រាកដថា រដ្ឋមន្ត្រីទាំងអស់ឆ្លាតជាងអ្នកសារព័ត៌មាននោះទេ មិនពិតទេ ព្រោះជួនកាលគាត់រវល់ការងារផ្ទាល់ខ្លួនប្រចាំរបស់គាត់ ។

ចំណែកអ្នកកាសែតមានពេលវេលារបស់គាត់មានពេលវេលាច្រើនជាង ហើយអ្នកកាសែតអាចដើរចុះជួបអ្នកនេះ អ្នកនោះគាត់អាចស្គាល់បានច្រើន ។ អីញ្ចឹងចំណុចនេះគាត់អាចប៉ះប៉ូវគ្នាមួយ សំខាន់» ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងថា កន្លងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានឲ្យមានក្រុមមេធាវី របស់សម្តេចសម្រាប់ជួយអ្នកសារព័ត៌មាន ប៉ុន្តែគាត់ (មេធាវី) មិនដឹងជួយអ្វីបានខ្លះ បើគាត់មិនដឹងការងារយើងអស់ផង ? ដូច្នេះការស្វែងយល់គ្នា គឺជាការសំខាន់ ។

ការដាក់ឲ្យក្រុមមេធាវីជួយអ្នកសារព័ត៌មាន គឺបង្ហាញពីការយក់ចិត្តទុកដាក់របស់សម្តេចតេជោ ចំពោះអ្នកសារព័ត៌មាន នៅពេលមានការរំខាន និងរុកគួននៅពេលកំពុងធ្វើការងារ គឺដាក់មេធាវីការពារបាន ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថា ពេលនេះក្រសួងព័ត៌មានសំណុំរឿងប្រមាណ៤ ឬ៥ ពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ប៉ុន្តែក្រសួងមិនការពារចំពោះអ្នកសារព័ត៌មានណាដែលធ្វើការជំរិតទាប្រាក់ពីគេនោះទេ តែបើធ្វើការត្រឹមត្រូវតាមវិជ្ជាជីវៈក្រសួងជួយ ។

លោករដ្ឋមន្ត្រីបន្ថែមថា ពេលខ្លះអ្នកសារព័ត៌មានក៏មានកំហុសដែរ ប៉ុន្តែក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការជួយសម្រួលសម្រាលទោសដល់គាត់ផងដែរ ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានបន្ថែមថា ការងារបច្ចុប្បន្នដែលកំពុងកើតឡើង និងកំពុងធ្វើនោះ គឺដំណឹងក្លែងក្លាយ ឬមិិនពិត ឬ Fake news នោះក្រសួងមិនប្តឹងផ្តល់នោះទេ ប៉ុន្តែប្រកាន់ជំហរដំណឹងពិត ហើយ Fake News ទាមទារឲ្យមន្ត្រីនៅគ្រប់មន្ទីទាំងអស់កុំដេកលក់ គឺត្រូវធ្វើការបំភ្លឺតបវិញ ឬត្រូវជួយបំភ្លឺគ្នា ។

លោករដ្ឋមន្ត្រីក៏បានលើកឡើងថា កន្លងមកមានក្រុមប្រឆាំងដែលវៃប្រហាររាជរដ្ឋាភិបាលជារឿងមួយ ប៉ុន្តែពួកគេបានធ្វើការផ្សាយបន្តគ្នា ដែលយើងមើលទៅហាក់ដូចជា រឿងធំណាស់ ប៉ុន្តែជារឿងតូចហើយ ជារឿងតែមួយប៉ុណ្ណោះ ។

យ៉ាងណាក្តី លោករដ្ឋមន្ត្រីបានស្នើសុំកុំគិតថា តែគេសរសេរប្រឆាំងនូវចំណុចអវិជ្ជមានជាចំណុចអាក្រក់ទាំងអស់ ហើយកុំគិតថា គេសរសើរថា ល្អព្រោះថាបញ្ហាត្រូវតែគិតឲ្យបានដោយសារនៅពេលដែលយើងការពារអ្នកសារព័ត៌មានមិនល្អនឹងនាំឲ្យមានបញ្ហា ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖«អ្វីដែលសំខាន់ចំពោះមន្ត្រីចំពោះអ្នកសារព័ត៌មានមិនត្រូវគិតថា ឲ្យតែអ្នកសារព័ត៌មានសរសេររិះគន់សុទ្ធតែជាក្រុមប្រឆាំង ។ គួរត្រូវមើលថា តើគេសរសេពិតឬ ទេ ត្រឹមត្រូវឬទេ ។

ពេលខ្លះគេសរសេរប្រឆាំងត្រឹមត្រូវ ដូច្នេះត្រូវមើលត្រង់ហ្នឹង» ៕

លោករដ្ឋមន្ត្រីក៏បានលើកឡើងថា អ្នកសារព័ត៌មានកន្លងមកត្រូវសហភាពសហព័ន្ធអ្នកសារព័ត៌មាន កម្ពុជាក្លឹបកាសែតកម្ពុជាក្រសួងព័ត៌មានបានធ្វើការបណ្តុះបណ្តាលនោះក៏មានច្បាប់ផងដែរ ដើម្បីឲ្យអ្នកសារព័ត៌មានបានយល់មុននឹងសរសេរ ។

 

 

ដកស្រង់ពី៖ កោះសន្តិភាព