Social Network

លោកតាចាស់ជរាអាយុ៧៤ឆ្នាំក្រីក្រគ្មានទីពឹងក្នុងខេត្តកំពង់ចាម រំភើបត្រេកអរបំផុតក្រោយទទួលបានផ្ទះចិត្តបុណ្យមួយខ្នង និងសម្ភារៈថវិកាពីឯកឧត្តមឧត្តមសេនីយន៍ទោ ហេង រតនា និងក្រុមចិត្តបុណ្យ

ដើម្បីចូលរួមក្នុងវិស័យមនុស្សធម៍ និងកើតចេញពីទឹកចិត្តជ្រះថ្លាកសាងបុណ្យកុសល្យ តាមលំអានព្រះពុទ្ធសាសនា ក្រោមការផ្តួចផ្តើមពីឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា

អនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែននៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរួមនឹងព្រះគ្រូបិយធម្មោ អ៊ុ ហឿង ព្រះគ្រូចៅអធិការវត្តទីបសិម្ពលីវនារាមកោះរកា ហៅវត្តកោះរកា និងលោក-លោកស្រីជាសមាជិកក្រុមចិត្តបុណ្យ បានចុះសួរសុខទុក្ខ ប្រគល់នូវផ្ទះចិត្តបុណ្យចំនួន០១ខ្នងថ្មីស្រឡាង និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ ព្រមទាំងថវិកា ជូនដល់លោកតា ប៉ិច ឆេង មានអាយុ៧៤ឆ្នាំ ដែលជាទុរគតជន ចាស់ជរាទីទ័លក្រ ជួបការលំបាកពិតប្រាកដ រស់នៅតែម្នាក់ឯង ស្ថិតនៅភូមិថ្មី ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ផ្ទះចិត្តបុណ្យនេះត្រូវបានសាងសង់រួចរាល់ នៅពីមុខខ្ទមចាស់ទ្រុឌទ្រោមរបស់លោកតាតែម្តង ដោយសាងសង់ខ្ពស់ផុតពីដីបណ្ដោយ០៥ម៉ែត្រ និងទទឹង៤ម៉ែត្រ។

បើតាមការឲ្យដឹងពីពលរដ្ឋដែលរស់នៅទីនោះ លោកតា ប៉ិច ឆេង តាំងមុនរហូតមកពេលបច្ចុប្បន្ននេះក្រីក្រលំបាកវេទាន ដើរស៊ីឈ្នួលធ្វើស្រែចម្ការ ដាំដំណាំផ្សេងៗ ជាកម្មករសំណង់ និងការងារជាច្រើនទៀត ដើម្បីទទួលបានបានប្រាក់ចំណូលបន្តិបន្តួច សម្រាប់ចិញ្ចឹមជីវិត ដែលសព្វថ្ងៃនេះមានតែខ្លួន០១រស់នៅផ្ទះខ្ទមតូច រខេករខាក មានដំបូលមើលធ្លុះដល់មេឃ ។

មានប្រសាន៍នាឳកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា បានសម្តែងនូវការអាណិតអាសូរជាពន់ពេក ក៍ដូចជាពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ និងទឹកចិត្តស្រលាញ់ យកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះលោកតា ប៉ិច ឆេង ដែលមានវ័យចាស់ជរា ជាទុរគតជនទីទ័លក្រពិតប្រាកដ ក៍ដូចជាទុរគតជនទាំងអស់ ដោយក្តីអាណិតអាសូរក្រៃលែង ។

នាឱកាសនោះដែរ លោកតា ប៉ិច ឆេង បានបង្ហាញនូវទឹកចិត្តរំភើបរីករាយបំផុត ដោយ លើកម្រាមដៃដប់ គោរពអរគុណដល់សម្ដេចទាំងទ្វេរ និងឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា រួមនិងព្រះគ្រូចៅអធិការ និងក្រុមការងារចិត្តបុណ្យ ដែលបានផ្តល់និងប្រគេននៅផ្ទះចំនួន០១ខ្នង នថវិកាមួយចំនួនធំ រួមនឹងសម្ភារៈប្រើប្រាស់ហូបចុកប្រចាំថ្ងៃជាច្រើន សន្ធឹកសន្ធាប់នេះ។

ចំពោះការប្រគេន និងផ្តល់ជូនដើម្បីសម្រួលជីវភាពរស់នៅរបស់លោកតានាពេលនោះរួមមាន៖ ផ្ទះចិត្តបុណ្យ ចំនួន០១ខ្នង ទំហំ០៥គុណនឹង០៤ម៉ែត្រ, អង្ករ២០០គីឡូក្រាម, មី៣កេស, ត្រីខ០៥យួរ, ទឹកត្រី០២យួរ, ទឹកស៊ីអ៊ីវ០២យួរ, ស្បែកជើង២គូ, វិទ្យុ០១, ពូកគេង០១, កន្ទេល០១,ខ្នើយ១, កង្ហារ០១, ទឹកសុទ្ធ២កេស, ទឹកផ្លែឈើ៣កេស, ទឹកដោះគោឆៅ០៣យួរ, ក្រមារ០២, សាប៊ូ០៣កញ្ចប់, ប្រេងឆា០២ដបធំ, ស្ករស០៥គីឡូក្រាម, សាដក់០១, សំលៀកបំពាក់មួយចំនួន និងថវិកាចំនួន៧២ម៉ឺនរៀលផងដែរ៕