Social Network

កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ការ​សិក្សា​ឆ្នាំ​២០២០-២០២១ មិន​ទាន់​ច្បាស់លាស់

រាជធានីភ្នំពេញ ៖ បវេស្សនកាល ឆ្នាំសិក្សា ២០២០-២០២១ នឹងឈានមកដល់ក្នុងពេលខាងមុខដ៏ខ្លីនេះ ក៏ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ការសិក្សានៅឆ្នាំក្រោយនេះក៏មិនទាន់អាចមានលក្ខណៈដូចពេលមុនពេលមិនមានជំងឺកូវីដ១៩ដែរ ។

មានន័យថា គ្រឹះស្ថានសិក្សាជាច្រើននៅឆ្នាំក្រោយនេះ អាចបន្តការសិក្សាពីចម្ងាយប្រសិនស្តង់ដារសុខភាពនៅមានកម្រិត មានការប្រឈមក្នុងការឆ្លងជំងឺកូវីដ១៩ ដល់សិស្ស និងបុគ្គលិកសិក្សានោះ ។

មាតាបិតាសិស្សជាច្រើនសង្ឃឹមថា សាលារៀនអាចដំណើរការឡើងវិញ ជាធម្មតាក្នុងបវេស្សកាលឆ្នាំថ្មីនេះ ។

សាលាឯកជនមួយចំនួនបានទទួលចុះឈ្មោះសិស្សសម្រាប់ឆ្នាំសិក្សាថ្មី ដោយយកថ្លៃសិក្សាពេញ ក្នុងពេលភាពមិនច្បាស់លាស់ថាត្រូវសិក្សាតាមអនឡាញឬសិក្សាដោយផ្ទាល់នោះ។

ក្នុងកិច្ចប្រជុំមួយស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដែលធ្វើឡើងកាល ពីថ្ងៃទី៥ ខែសីហានេះ មានការចូលរួមដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោក ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន

និងកីឡាបានបញ្ជាក់ថា យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺត្រូវឈរលើអភិក្រម២ គឺ១- ការបើកដំណើរការឡើងវិញ តាមដំណាក់កាល នូវគ្រឹះស្ថានសិក្សាដែលអាចអនុវត្តបានត្រឹមត្រូវតាមស្តង់ដាសុវត្ថិភាពសុខភាព និង២- ការបន្តអនុវត្តវិធីសាស្ត្រនៃការសិក្សាតាមបែបចម្រុះ

គឺការសិក្សាក្នុងថ្នាក់រៀន ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច និងតាមបែបប្រពៃណី (សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស្វ័យសិក្សា សម្រាប់សិស្សនៅជនបទ ។

ស្មារតីកិច្ចប្រជុំនោះបានបញ្ជាក់ថា ឈរលើអភិក្រមរបស់ក្រសួងអប់រំខាងលើ ការបើកសាលារៀនឡើងវិញ ត្រូវធ្វើជា៣ដំណាក់កាល ។

ការអនុញ្ញាតឲ្យបើកដំណើការគ្រឹះស្ថានសិក្សាឡើងវិញ តាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សាទាំងនោះ បានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាព ដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជននិងកីឡា ។

សួងអប់រំ យុវជននិងកិឡា បានប្រកាសបិទគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកាលពីខែមីនា ដើម្បីចូលរួមទប់ស្កាត់ការរីកដាលជំងឺកូវីដ១៩ និងបានជំរុញឲ្យមានការសិក្សាពីចម្ងាយ តាមប្រព័ន្ធអនឡាញ និងតាមទូរទស្សន៍ជាដើម ។

ប៉ុន្តែមតិជាច្រើនបានលើកឡើងថាការសិក្សាពីចម្ងាយបានធ្វើឲ្យសិស្សជាច្រើនមិនទទួលបានការសិក្សាដោយគុណភាព ដោយសារខ្វះមធ្យោបាយរៀនសូត្រ ពិសេសសិស្សនៅជនបទ។

ចំណែកសិស្សនៅភ្នំពេញដែលមានទូរស័ព្ទដៃទំនើប មានសេវាអ៊ិនធឺណែត ជាមធ្យោបាយសម្រាប់ការសិក្សាអនឡាញ បើជាមានពេលទំនេរច្រើនក្នុងការលេងហ្គេមទៅវិញ។ ពលរដ្ឋជាច្រើនបារម្ភថាកូវីដ អាចធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍធនធានមនុស្សផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព