Social Network

រដ្ឋមន្ត្រីសុខាភិបាល ប្រកាសមិនបន្ធូរដៃក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ឡើយ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងចូលសហគមន៍

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា យើងនឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ដបន្ថែមទៀត ដោយមិនបន្ធូរដៃឡើយ ដើម្បីការពារប្រទេសយើង ឆ្លងផុតពីការរាតត្បាតជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។

ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដាំដើមឈើ៣៥០ដើម នៅក្នុងបរិវេណទីតាំងទី៣ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ។

លោកថ្លែងយ៉ាងដូច្នេះថា «យើងត្រូវតែចូលរួមគ្នាលះបង់កម្លាំងកាយចិត្ដ និងស្មារតីទាំងអស់គ្នា ដើម្បីការពារប្រទេសយើង ឱ្យផុតពីការឆ្លងរាតត្បាតជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ប៉ុន្ដែសំខាន់បំផុតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសអ្នកកំពុងស្ថិតនៅកំលុងពេលចត្ដាឡីស័ក សូមគោរពទៅតាមការណែនាំ របស់វេជ្ជបញ្ជារបស់គ្រូពេទ្យ និងអនុវត្ដន៍វិធាននៃការចត្ដាឡីស័ក ដោយស្មារតីទទួលខុសត្រូវផងដែរ»។ រ

ដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «ហានិភ័យនឹងអាចកើតមានឡើងគ្រប់ពេល ដោយសារយើងម្នាក់ៗធ្វើចលនាគ្រប់ទីកន្លែង ដូច្នេះហើយ ទើបទាមទារឱ្យពលរដ្ឋស្វែងយល់ឱ្យច្បាស់ ពីវិធានការការពារ ទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយក្រសួងសុខាភិបាល និងមន្ដ្រីពាក់ព័ន្ធទំាងអស់

នៅតែបន្ដពង្រឹងវិធានការការងារ ការរុករក និងចាប់ឱ្យជាប់ភ្លាមៗនៅនឹងកន្លែង ពិសេសនៅតាមព្រលានយន្ដហោះ និងច្រកព្រំដែនចេញចូលទាំងអស់ ព្រោះករណីកូវីដ១៩កន្លងមកនេះ សុទ្ធតែជាករណីនាំចូល»។

ទោះអ្នកដំណើរមកពីក្រៅប្រទេស ចូលមកកម្ពុជាច្រើនឡើងៗក្នុងមួយថ្ងៃៗ ក៏មន្ដ្រីសុខាភិបាល បានរៀបចំកម្លាំងក្រុមការងារជាក្រុមៗរួចជាស្រេច ដើម្បីត្រួតពិនិត្យសុខភាពឱ្យបានគ្រប់ៗគ្នា ដោយមិនឱ្យមានការខ្វះចន្លោះ នេះជាការងារសំខាន់ ដែលយើងតែងតែធ្វើតាមព្រលានយន្ដហោះ និងទល់ដែនជាច្រកចេញចូលកកន្លងមក។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានក្រើនរម្លឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបន្ដបំពេញការងារឱ្យកាន់តែម៉ត់ចត់ និងត្រូវការពារខ្លួនពេលចុះបំពេញការងារ ពិនិត្យព្យាបាលអ្នកជំងឺ ដើម្បីចៀសពីការចម្លងមេរោគទៅវិញទៅមក ពីអ្នកជំងឺ។

លើសពីនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ពេលធ្វើដំណើរទៅតាមទីសាធារណៈ ត្រូវចេះការពារខ្លួន ប្រើម៉ាស សម្អាតខ្លួនប្រាណដៃជើងឱ្យបានស្អាតជានិច្ច រក្សាគម្លាតបុគ្គល និងសង្គម ជៀសបានសូមកុំទៅទីប្រជុំជនដែលមានគ្នាច្រើន ហើយបើមានករណីសង្ស័យ អាចទាក់ទងមកលេខទូរស័ព្ទរបស់ក្រសួងសុខាភិបាល ឬរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិឃុំរបស់ខ្លួន ។

លោក ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំឆាប់ជឿទៅលើព័ត៌មានមិនពិត នៅតាមបណ្ដាសង្គមមួយចំនួន ហើយកុំចែករំលែកបន្ដគ្នាទៀត ដើម្បីចៀសវាងការបង្កភាពស្លន់ស្លោរ ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ដរបស់ប្រជាពលរដ្ឋយើង៕

ដកស្រង់ពី៖ Fresh News