Social Network

កម្ពុជា​សម្រេច​ផ្អាក​ការ​ហោះហើរ​ពី​ហ្វី​លី​ពី​ន​

រាជធានីភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចុះចំណារយល់ព្រមលិខិតរបស់ក្រសួងសុខាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលី ពីនមួយរយៈចាប់អនុវត្តពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១១ សីហា របស់ក្រសួងសុខាភិបាលបានបន្តថា កន្លងមក កម្ពុជាបានការសម្រេចផ្អាកជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ ដែលត្រូវផ្អាកតាំងពី ថ្ងៃទី ០១ សីហា ឆ្នាំ២០២០ ហើយការផ្អាកនេះ បានចូលរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

ការសម្រេចផ្អាកជើងហោះហើរពីហ្វីលីពីននេះ ក្រសួងសុខាភិបាលបានពន្យល់ថា «ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេបំផុត នៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ ដូចនេះ អ្នកដំណើរមកពីប្រទេសហ្វីលីពីនក៏ជាការព្រួយបារម្ភផងដែរ» ។

ជាក់ស្តែង កាលពីថ្ងៃទី០៨ សីហា ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើរសរុបចំនួន១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ហេតុដូចនេះ ដើម្បីសុវត្ថិភាព និងសុខុមាលភាពបងប្អូនប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់

ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីសដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត និងកុំឱ្យមានរលកទី២ នៃការចម្លងវីរុសកូវីដ១៩៕

ដកស្រង់ពី៖ កោះសន្តិភាព