Social Network

ក្រសួងសុខាភិបាល បណ្តុះបណ្តាលការថែទាំសុខភាពផ្លូវចិត្តក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល ខេត្តបាត់ដំបង

(បាត់ដំបង)៖ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំសុខភាពផ្លូវចិត្ត ក្នុងកំលុងមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ចំនួន ៣វគ្គ ដល់មន្រ្តីសុខាភិបាល ចំនួន ៩៦នាក់ នៃស្រុករដ្ឋបាលចំនួន ០៦ នៅខេត្តបាត់ដំបង។

វគ្គបណ្ដុះបណ្ដាលបានធ្វើឡើងរយៈពេល២ថ្ងៃ ថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកស្រីឱសថការី ជូ ផល្លីកា អនុប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល, លោកឱសថបណ្ឌិត វឿន ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្រ្តីបច្ចេកទេស អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

លោកស្រីឱសថការី ជូ ផល្លីកា បានថ្លែងថា «វគ្គបណ្ដុះបណ្ដាលនេះ ជាតួនាទីដ៏សំខាន់របស់មន្រ្តីសុខាភិបាលជួរមុខ ក្នុងការជួយសង្គ្រោះមនុស្ស ដោយរួមផ្សំនឹងការថែទាំសុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩»។

លើសពីនោះ នឹងចូលរួមលើកកម្ពស់ការយល់ដឹង និងសមត្ថភាពជំនាញរបស់មន្ត្រីសុខាភិបាលជួរមុខ ក្នុងការផ្តល់សេវាថែទាំ និងគាំទ្រសុខភាពផ្លូវចិត្តកម្រិតមូលដ្ឋាន ដល់អតិថិជន ដែលនឹងមកទទួលសេវាសុខភាព នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។

ជាក់ស្តែង សិក្ខាកាមទាំងអស់ នឹងយល់ដឹងជាមូលដ្ឋានអំពីការតានតឹងផ្លូវចិត្ត ការថប់ បារម្ដ ការធ្លាក់ទឹកចិត្ត និងរបៀបក្នុងការជួយគាំទ្រ និងថែទាំបញ្ហាសុខភាពផ្លូវចិត្តទាំងនេះ។

វគ្គបណ្តុះបណ្តាលនេះ ក៏នឹងបំពាក់នូវជំនាញជាមូលដ្ឋានមូយចំនួន ក្នុងការផ្តល់ប្រឹក្សាផ្លូវចិត្ត និងបច្ចេកទេសថែទាំបញ្ហាចិត្ត-សង្គម ដែលមានការស្រាវជ្រាវ និងភស្តុតាងជាមូលដ្ឋានច្បាស់លាស់ប្រកបដោយប្រសិទ្ធិភាពដល់សិក្ខាកាមចូលរួមផងដែរ។

លោកស្រីឱសថការី ជូ ផល្លីកា បានថ្លែងបន្ដថា ដោយឡែក ប្រជាពលរដ្ឋ ឬពលករចំណាកស្រុកដែលវិលត្រឡប់ពីក្រៅប្រទេសវិញ ពួកគាត់ត្រូវអនុវត្តវិធានការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដែលក្នុងរយៈពេលនោះ ធ្វើឱ្យគាត់មានការបារម្ភ ភ័យខ្លាចនៃការឆ្លង ការព្យាបាល រួមផ្សំនឹងការបាត់ការងារ បាត់បង់ចំណូលសម្រាប់គ្រួសារ ធ្វើឱ្យសភាពផ្លូវចិត្តគាត់មិនល្អ ហើយក៏អាចជាឧបសគ្គដល់ការព្យាបាលជំងឺផ្សេងៗរប់សគាត់បើមាន។

ដូច្នេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមខាងលើនេះ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានសហការជាមួយ មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដោយមានការគាំទ្រថវិកាពីអង្គការសុខភាពពិភពលោក

បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដល់មន្រ្តីសុខាភិបាល ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិក្នុងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ ដែលក្នុងនោះអង្គការសុខភាព ពិភពលោកប្រចាំកម្ពុជា ទទួលជួយគាំទ្រផ្នែកសុខភាពផ្លូវចិត្តជាមួយក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តទី២ បន្ទាប់ពីខេត្តបន្ទាយមានជ័យ ដែលនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បានបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាលចំនួន ៩៦នាក់ អញ្ជើញមកពីស្រុកបាណន់

ស្រុកមោងឬស្សី ស្រុកបវេល ស្រុកថ្មគោល ស្រុកកំរៀង និងស្រុកសំពៅលូន ដែលស្រុកទាំងនេះ មានចំនួនពលករវិលត្រឡប់ពីក្រៅប្រទេសវិញច្រើនគួរឱ្យកត់សម្គាល់៕

ដកស្រង់ពី៖ Fresh News