Social Network

លោកស្រី ឱ វណ្ណឌីន កោតសរសើររដ្ឋបាលខេត្តស្វាយរៀង ដែលយកចិត្តទុកដាក់ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងគ្មានករណីវិជ្ជមានលើប្រជាពលរដ្ឋណាម្នាក់ឡើយ

(ស្វាយរៀង)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង ដោយមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀត ដែលក្រសួងសុខាភិបាលបាន ជូនដំណឹងជាបន្តបន្តបន្ទាប់នាពេលកន្លងមក។

ក្នុងនាមក្រសួងសុខាភិបាល ក៏សូមអបអរសាទរប្រជាជាពលរដ្ឋខេត្តស្វាយរៀង ដោយគិតមកត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីវិជ្ជមាន ទៅលើប្រជាពលរដ្ឋណាមួយឡើយ។

លោកស្រី ឱ វណ្ណឌីន បន្តថា ក្នុងនាមក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតែបន្តចាត់វិធានការ ឆ្លើយតបឱ្យបានទាន់ពេលវេលាទៅដូចជា

ការធ្វើចត្តាឡីស័កអ្នកធ្វើដំណើរមកពីក្រៅប្រទេសចូលខេត្ត និងវិធានការចាំបាច់មួយចំនួនទៀត ជាពិសេសបង្កើនស្មារតី ប្រុងប្រយ័ត្នបន្ថែមទៀត និងបន្តជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ភ្ញៀវទេសចរ ឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹងសាប៊ូ អាល់កុល ពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មី នៃបរិបទសង្គមបច្ចុប្បន្ននេះ។

លោក ម៉ែន វិបុល បានថ្លែងនូវការអំណរគុណ ចំពោះប្រតិភូក្រសួងសុខាភិបាល ដែលបានឆ្លៀតពេលដ៏មមាញឹក ចុះបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បីសុខ មាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាជួបប្រទះសព្វថ្ងៃ។

លោកបន្តថា សព្វថ្ងៃដោយសារមានថ្នាក់ដឹកនាំ ប្រកបដោយយុទ្ធសាស្ត្រ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការឆ្លើយតបទៅនឹង សភាពការណ៍ជាក់ស្តែងទើបប្រទេសកម្ពុជា មិនទទួលរងឥទ្ធិពលខ្លាំង ដោយសាជំងឺកូវីដ១៩នេះ ក្នុងនោះថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានស្មារតី ប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារផងដែរ។

សូមបញ្ជាក់ថា គណៈប្រតិភូក្រសួងសុខាភិបាលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន បានចុះបំពេញបេសកកម្មចំនួន២ថ្ងៃ គឺនៅថ្ងៃទី១១ និង១២ ខែសីហា ឆ្នាំ២០២០ ក្នុងខេត្តស្វាយរៀង ដែលបានចុះពិនិត្យមើលអំពីចត្តាឡីស័ក្ក នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋមួយចំនួននៅក្នុងខេត្តស្វាយរៀងផងដែរ៕

ដកស្រង់ពី៖ Fresh News