Social Network

រាជរដ្ឋាភិបាលសម្រេច ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ផ្អាកប្រារព្ ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០ ។

នេះបើយោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ។

យោងតាមលិខិត របស់ទីស្តីការ គណៈរដ្ឋមន្ត្រី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើង តាមសំណើរបស់ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ ។

បើទោះបីជាយ៉ាងណា ក្នុងលិខិតនេះ មិនទាន់បានបញ្ជាក់ពីមូលហេតុ នៃការសម្រេចផ្អាក ប្រារព្ធព្រះរាជពិធី ជាព្រះរាជប្រវេណី របស់ខ្មែរនេះនៅឡើយទេ ។

លោក ប៊ូ ជុំសិរី មន្ត្រីគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ បានប្រាប់ Fresh News ឱ្យដឹងថា ការសម្រេចផ្អាកនេះ ដោយយោងទៅលើស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ ។

លោក បានប្រាប់ថា ពិធីបុណ្យនេះ គឺមានការប្រមូលផ្តុំ ច្រើនណាស់ គឺមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ១៩ ។ លោក បានបញ្ជាក់ដូច្នេះ «អត់មានបញ្ហាអ្វីទេ គឺរឿងកូវីដ១៩ គឺប្រឈម ខ្លាំងណាស់ ។ យើងត្រូវផ្អាក ព្រះរាជពិធីនេះ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺនេះ» ។

សូមបញ្ជាក់ថា ព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធធ្វើឡើង នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី៣០, ៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នៅតាមទន្លេសាប ។

តែព្រះរាជ ពិធីក៏ធ្លាប់បាន ផ្អាកផងដែរ ពេលសម្តេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងសោយទិវង្គត និងពេលកម្ពុជា ជួបនឹងវិបត្តិទឹកជំនន់ ឬវិបត្តិសង្គមផ្សេងៗ ៕