Social Network

TOP NEWS: រាជរដ្ឋាភិបាលសម្រេច ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។

បើទោះបីជាយ៉ាងណាក្នុងលិខិតនេះមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការសម្រេចផ្អាកប្រារព្ធព្រះរាជពិធីជាព្រះរាជប្រវេណីរបស់ខ្មែរនេះនៅឡើយទេ។

លោក ប៊ូ ជុំសិរី មន្ត្រីគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានប្រាប់ Fresh News ឱ្យដឹងថា ការសម្រេចផ្អាកនេះ ដោយយោងទៅលើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។

លោក បានប្រាប់ថា ពិធីបុណ្យនេះ គឺមានការប្រមូលផ្តុំច្រើនណាស់ គឺមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩។

លោកបានបញ្ជាក់ដូច្នេះ «អត់មានបញ្ហាអ្វីទេ គឺរឿងកូវីដ១៩ គឺប្រឈមខ្លាំងណាស់។ យើងត្រូវផ្អាកព្រះរាជពិធីនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះ»។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធធ្វើឡើងនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី៣០, ៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នៅតាមទន្លេសាប។

តែព្រះរាជពិធីក៏ធ្លាប់បានផ្អាកផងដែរ ពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងសោយទិវង្គត និងពេលកម្ពុជាជួបនឹងវិបត្តិទឹកជំនន់ ឬវិបត្តិសង្គមផ្សេងៗ៕

ដកស្រង់ពី៖ Fresh News