Social Network

ក្រសួងអប់រំសម្រេចចាប់ផ្តើមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នៅថ្ងៃទី០៧ ខែកញ្ញា, ខណៈឆ្នាំសិក្សាថ្មីអនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចចាប់ផ្តើមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខណៈឆ្នាំសិក្សាថ្មី២០២០-២០២១ សម្រេចចាប់អនុវត្តពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទ រួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ពីវិធានការនៃការបើកដំណើរការ ឡើងវិញ គ្រឹះស្ថានសិក្សាក្នុង ដំណាក់កាលទី២ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួអប់រំ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា «ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ

និងសៀវភៅសិក្សាគោលខ្លះ តាមតម្រូវការជាក់ស្តែង) និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ សីហា ឆ្នាំ២០២០។

ដោយឡែកឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ»។

ក្នុងកិច្ចប្រជុំណែនាំនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល

សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស

ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម៕

ដកស្រង់ពី៖ Fresh News