Social Network

មហាសេដ្ឋី Zoom ទទួល​បានការ​លើកទឹកចិត្ត​ពី​លោក Bill Gates

ពេលដែលលោកមហាសេដ្ឋី អេរីក យាន់ (Eric Yuan) មានអាយុខ្ទង់ ២០ ស្តើង លោកបានស្តាប់ឮសន្តរកថាមួយរបស់លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលពេលនោះជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft ។

លោកបានចែករំលែកពីអត្ថប្រយោជន៍នៃអ៊ីនធើណែត ហើយលោកយាន់ក៏បានសម្រេចចិត្តថាលោកចង់ប្តូរលំនៅដ្ឋានពីប្រទេសចិន មកកាន់សហរដ្ឋអាមេរិកវិញដើម្បីប្រឡូកខ្លួនក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនក្នុងសហរដ្ឋអាមេរិក ។

បច្ចុប្បន្ននេះ លោកមានអាយុ ៤៩ឆ្នាំ និងជាស្ថាបនិក ព្រមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zoom ដែលបានល្បីឈ្មោះយ៉ាងខ្លាំងតាំងពីការផ្ទុះជំងឺកូវីដ ១៩ កន្លងមកនេះ និងបច្ចុប្បន្នមានតម្លៃប្រមាណច្រើនជាង ១៦ ប៊ីលានដុល្លារទៅទៀត ។

នៅឆ្នាំ ១៩៩៤ លោក យាន់ ទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យប៉ុណ្ណោះ តែលោកបានចាប់ផ្តើមធ្វើការក្នុងប្រទេសជប៉ុនបានប៉ុន្មានខែពេលដែលលោកឮសន្ទរកថារបស់លោក ហ្គេតស៍ ។

សន្ទរកថានោះបានបំភ្លឺគំនិតមួយដែលលោក យាន់ បានគិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

លោក យាន់ និងមិត្តស្រីដែលបច្ចុប្បន្នជាភរិយារបស់លោកបានរស់នៅក្នុងទីក្រុងខុសគ្នា និងត្រូវចំណាយពេល ១០ ម៉ោងក្នុងការធ្វើដំណើរតាមរថភ្លើងដើម្បីអាចឃើញមុខគ្នា ។

លោក យាន់ ចំណាយពេល ១០ម៉ោងនោះដើម្បីសុបិនពីវិធីដែលលោកអាចមើលឃើញមិត្តស្រីរបស់លោកដោយមិនចាំបាច់ធ្វើដំណើរយ៉ាងវែងឆ្ងាយនេះ ។

លោកធ្លាប់បានប្រាប់មិត្តស្រីរបស់លោកថា “ថ្ងៃណាមួយ ខ្ញុំនឹងមានឧបករណ៍ឆ្លាតវៃ ហើយខ្ញុំអាចនិយាយជាមួយ និងមើលឃើញអ្នកបានដោយគ្រាន់តែចុចអ្វីមួយ ។

បន្ទាប់ពីស្តាប់លោក ហ្គេតស៍ ហើយ លោកបានប្រទះឃើញថា អ៊ីនធើណែតពិតជាអនាគតរបស់លោកពិតមែន និងបានសម្រេចចិត្តប្តូរទៅរស់នៅសហរដ្ឋអាមេរិកដើម្បីធ្វើការឲ្យវិស័យបច្ចេកវិទ្យាវិញ ។

លោកបានព្យាយាមទាល់តែ ៩ ដងទើបអាចទទួលបានទិដ្ឋការអនុញ្ញាតឲ្យលោករស់នៅ និងធ្វើការក្នុងសហរដ្ឋអាមេរិកបាននៅឆ្នាំ ១៩៩៧ ។

ពេលនោះលោកមិនចេះភាសាអង់គ្លេសទេ ប៉ុន្តែលោកចេះសរសេរកូដ ដូច្នេះលោកទទួលបានការងារវិស្វកម្មមួយនៅក្រុមហ៊ុន WebEx ដែលត្រូវបានលក់ឲ្យទៅ Cisco ប្រមាណ ១០ឆ្នាំក្រោយមក ។

លោកបានព្យាយាមរហូតឡើងដល់មានតំណែងធំៗក្នុងក្រុមហ៊ុន Cisco មុននឹងចាកចេញពីក្រុមហ៊ុនដើម្បីបង្កើតក្រុមហ៊ុនមួយដោយខ្លួនឯងដោយយោងតាមក្តីសុបិនរបស់លោក នោះគឺក្រុមហ៊ុន Zoom ។

បច្ចុប្បន្ននេះ Zoom មានបុគ្គលិកច្រើនជាង ១,៣០០នាក់ទៅទៀត ជុំវិញពិភពលោក ហើយក្រុមហ៊ុនបានបង្កើនប្រាក់ចំណូលទ្វេដងមកស្មើ ៣៣០លានដុល្លារកាលពីឆ្នាំមុន ជាមួយនឹងប្រាក់ចំណេញប្រមាណ៧.៥៨លានដុល្លារផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព