Social Network

ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ៖ បុគ្គល​មាន​លុយ​ចាយ​មិន​អស់​ចូរ​កុំ​ដណ្ដើម​អាហារូបករណ៍​ពី​អ្នកក្រ

រាជធានីភ្នំពេញ ៖ «ខ្ញុំនៅតែមិនយល់ទាល់តែសោះ ថាហេតុអ្វីបុគ្គលមួយចំនួនមានលុយចាយមិនអស់ហើយ នៅតែចង់បានអាហារូបករណ៍ដោយអត់កេរ្តិ៍ខ្មាស ដោយមិនទំនងឱ្យកូនរបស់ខ្លួនទៀត?

ហេតុអ្វីមិនព្រមបរិច្ចាគ ចែករំលែក និងទុកឱកាសនោះឱ្យទៅកូនអ្នកក្រីក្រខ្លះផង? បើមិនបានចូលរួមជួយដល់បុគ្គលខ្វះលទ្ធភាព ឬបើមិនបានចូលរួមចំណែកជួយដល់សង្គមទេ ពុំគួរឆ្លៀតឱកាស ឆក់ពីមាត់ ពង្រាត់ពីក គ្នាអ្នកខ្សត់ខ្សោយខ្វះខាត ក្រីក្រ និងគ្មានឱកាសនោះអី» នេះជាកាលើកឡើងរបស់ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mengly J. Quach Education។

លោកឧកញ៉ាវេជ្ជបណ្ឌិត ដែលមានជំនួញជាច្រើននៅក្នុងដៃរូបនេះ បានបន្តថា «ក្នុងសង្គមខ្មែរបច្ចុប្បន្ន មានបុគ្គលខ្លះគ្រាន់តែកូនសុំលុយបង់សាលាត្រឹមតែ៥០០ទៅ៦០០ដុល្លារ រអ៊ូរទាំ ជេរប្រទេច ឡូឡាស្ដីដាក់កូន ។

និយាយរួម ពួកគាត់ហាក់បីមិនយល់ពីតម្លៃនៃការសិក្សារបស់កូនសោះតែម្ដង។ ប៉ុន្តែបើពួកគាត់យកលុយរាប់ពាន់ដុល្លារទៅចាយវាយលើស្រីញី ចូលខារ៉ាអូខេ ឬដើរផឹកស៊ីជាមួយមិត្តភក្តិ គឺមិនដែលហារមាត់ត្អូញត្អែរនោះទេ»។

លោកថា រីឯបុគ្គលអ្នកមានមួយចំនួនទៀតវិញ នៅពេលសុំអាហារូបករណ៍ឱ្យកូនមិនបាន គាត់បានគំរាមបិទសាលាគេចោលតែម្តង។ ទង្វើបែបនេះ ជាទង្វើមិនគួរកើតមានក្នុងសង្គមយើងទៀតនោះទេ ព្រោះសាលាគេមិនដែលធ្វើរឿងខុសឆ្គង គេមិនដែលទៅសូកប៉ាន់ ស៊កសៀត ឬគេចពន្ធអ្វីផង គេមិនដែលទៅជួញដូរគ្រឿងញៀនផង គេគ្រាន់តែបើកសាលាដើម្បីបណ្ដុះចំណេះដឹងដល់យុវជន និងកុមារខ្មែរសោះតើខុសដែរមែនទេ?

ដូច្នេះក្នុងនាមជាអ្នកមានមុខមាត់ មានកិត្តិយសក្នុងសង្គម មិនគួរប្រើមធ្យោបាយបែបគំរាមគំហែងដើម្បីទទួលបានអាហារូបករណ៍នោះទេ ព្រោះការគំរាមកំហែងមិនប្រាកដថាគេសុទ្ធតែខ្លាចយើងទាំងអស់នោះឡើយ។

លោកឧកញ៉ាបន្ថែមថា «ចំណែកម្ចាស់សាលា ឬអ្នកគ្រប់គ្រងសាលាមួយចំនួន គ្រាន់តែឮអ្នកធំមានអំណាចណាម្នាក់ហារមាត់សុំអាហារូបករណ៍ឱ្យកូន គាត់ព្រមស៊ីញេជូនគេដៃពីរដៃបីតែម្ដង។

បើគេហារមាត់សុំអាហារូបករណ៍១០កន្លែង គាត់ស៊ីញេជូនគេទាំង១០កន្លែង ដោយគ្មានស្ទាក់ស្ទើរបន្តិចឡើយ។

ការណ៍នេះ ដោយសារគាត់ចាញ់ច្រាបគេ ដោយសារគាត់ជាមនុស្សស្លន់ស្លោ និងមិនបានស្វែងយល់ពីប្រព័ន្ធច្បាប់ឱ្យច្បាស់លាស់ ទើបជាហេតុធ្វើឱ្យពួកគេបិទទ្វារសាលាទៅវិញម្ដងមួយៗជាបន្តបន្ទាប់។

ចំពោះខ្ញុំ ខ្ញុំមិនដែលស៊ីញេផ្ដល់អាហារូបករណ៍ឱ្យអស់លោកធំណាទេ ទោះបីនិយាយគំរាមថានឹងបិទសាលាខ្ញុំក៏ដោយចុះ ។

ខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ផងហ្នឹង។ ដូច្នេះបើមានអ្នកធំណាដាក់លិខិតស្នើសុំអាហារូបករណ៍ឱ្យកូន មកសាលាខ្ញុំ១០នាក់ គឺខ្ញុំបដិសេធចោលទាំង១០តែម្ដង» ។

ដូច្នេះ យើងគួរតែពួតដៃគ្នាលុបបំបាត់រូបភាពដ៏អាក្រក់ហ្នឹងចោល (អាហារូបករណ៍គំរាមកំហែង)។

ដើម្បីលុបបំបាត់រូបភាពដ៏អាក្រក់នេះឱ្យអស់ពីសង្គមខ្មែរ គឺមានតែកូនខ្មែរជំនាន់ក្រោយប៉ុណ្ណោះដែលអាចធ្វើបាន ។

តើគួរធ្វើយ៉ាងម៉េច? គឺកូនខ្មែរគ្រប់រូបត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានជ្រៅជ្រះ និងមានចំណេះដឹងទូលំទូលាយ ។

ជាពិសេសកុំមានចិត្តលោភលន់ដូចបុគ្គលមានអំណាចមួយចំនួនឱ្យសោះ ។

នៅពេលកូនខ្មែរជំនាន់ក្រោយធ្វើបែបនេះបាន នោះមិនថាកូនអ្នកមាន ឬកូនអ្នកក្រីក្រទេ គឺសុទ្ធតែអាចមានឱកាសបន្តការសិក្សាបានខ្ពង់ខ្ពស់ដូចគ្នា ។

ពេលសង្គមពោរពេញដោយអ្នករៀនសូត្រចេះដឹង នោះប្រទេសជាតិនឹងអភិវឌ្ឍជឿនលឿនមិនខាន ។

សូមអ្នកមានៗ និងអ្នកធំៗមួយចំនួនដែលធ្លាប់សុំអាហារូបករណ៍គេ មេត្តាឈប់ចង់បានទៀតទៅ ទុកឱកាសឱ្យកូនអ្នកក្រីក្រទៅ ទុកឱកាសឱ្យអ្នកចង់រៀនសូត្រពិតប្រាកដតែខ្វះលទ្ធភាពបង់ថ្លៃការសិក្សាទៅ។

ពោលទុកអាហារូបករណ៍នោះឱ្យកូនអ្នកក្រីក្រ អ្នកដែលខ្វះពិត ហើយអ្នកដែលចង់រៀនពិតដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព