Social Network

ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តម្រូវ​ឲ្យ​ចុះបញ្ជី​ពាណិជ្ជកម្ម ​កិច្ច​ការពារ​ម៉ាក និង​ពាណិជ្ជ​នាម

រាជធានីភ្នំពេញ ៖ ដោយអះអាងថាដើម្បីជាការការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក ដើម្បីការពារការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងវិស័យ ព័ត៌មាន អន្តរក្រសួងបានចេញប្រកាសតម្រូវឲ្យប្រតិបត្តិករប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវចាត់ទុកជា រូបវន្តបុគ្គល ឬនីតិបុគ្គល ធ្វើអាជីវកម្មនិងសេវាកម្មព័ត៌មាននិងសោតទស្សន៍រកប្រាក់ចំណេញ ក្នុងរយៈពេល ២ សប្តាហ៍ ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ។

ប្រកាសអន្តរក្រសួងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ. និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន ប៉ាន សូរស័ក្ត ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា អន្តរក្រសួងសម្រេចឲ្យម្ចាស់អាជីវកម្ម ចុះបញ្ជីពាណិជ្ជកម្មនិងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណ វិស័យព័ត៌មាន ដូច្នេះ

«ក្នុងគោលបំណងធ្វើអាជីវកម្ម ឬសេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ រូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងរយៈពេល ២ សប្តាហ៍ ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន » ។ ដែលពេលវេលានេះ

២ សប្តាហ៍គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ តែក្នុងករណីចាំបាច់ក្រសួងពាណិជ្ជកម្មនឹង យោងតាមប្រកាសរបស់អន្តរក្រសួងបានបញ្ជាក់ថាប្រកាសនេះមានគោលដៅកំណត់ ៖

១- ចុះបញ្ជីពាណិជ្ជកម្ម ការពារម៉ាក និងពាណិជ្ជនាម លើវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីធានាថាអត្តសញ្ញាណនៃ អង្គភាព ស្ថាប័នសារព័ត៌មាន និងសោតទស្សន៍នីមួយៗ មិនជាន់លើអត្តសញ្ញាណនៃអង្គភាព ស្ថាប័នព័ត៌មាន និងសោតទស្សន៍ដទៃទៀត ដែលបានច្បាប់អនុញ្ញាតរួចហើយ។

២- ការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកស្នើសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងបញ្ជីម៉ាក ដើម្បីការពារការប្រកួតប្រជែងមិនស្មោះត្រង់។

៣- មិនអនុញ្ញាតឱ្យប្រើប្រាស់ម៉ាក និងពាណិជ្ជនាម ដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ជាសាធារណៈ សីលធម៌សង្គម ឬប្រពៃណីល្អរបស់ជាតិ និងម៉ាកដែលមិនអាចចុះបញ្ជីបាន ដូចមានកំណត់ក្នុងច្បាប់ជាធរមាន។

ប្រកាសនេះផងដែរ មានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយដែលធ្វើអាជីវកម្មឬសេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានទទួលការអនុញ្ញាតជាគោលការណ៍ពីក្រសួងព័ត៌មាន ក្នុងគោលបំណងធ្វើអាជីវកម្មឬសេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ រូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងរយៈពេល ២ សប្តាហ៍ ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមជម្រាបជូនថា រាល់ការកែប្រែ ឬផ្លាស់ប្តូរម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងសោតទស្សន៍ ឬការផ្លាស់ប្តូរម៉ាក និងពាណិជ្ជនាមរបស់ស្ថាប័ន អង្គភាព រូបវន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើអាជីវកម្ម ឬសេវាកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មានជាមុនសិន មុននឹងធ្វើការចុះបញ្ជីកែប្រែនៅក្រសួងពាណិជ្ជកម្ម៕

ដកស្រង់ពី៖ កោះសន្តិភាព