Social Network

គណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ពិភាក្សាគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការទូតសភាសម្រាប់សន្តិភាព និងសន្តិសុខប្រកបដោយចីរភាពក្នុងតំបន់អាស៊ាន

(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន (អាយប៉ា) តាមរយៈប្រព័ន្ធវីដេអូ ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤១ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

សមាសភាពគណៈប្រតិភូគណៈកម្មាធិការនយោបាយអាយប៉ាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន៖ លោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភា, លោក គិន ណែត សមាជិកព្រឹទ្ធសភា, លោក សន សារ៉ាណា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា, លោក ងួន សុជាតិ សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា, លោក យឹម លាត សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងមន្រ្តីជំនាញ។

លោក ឈាង វុន បានផ្ដល់បទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំនាពេលនេះ ដោយបានមានប្រសាសន៍លើកឡើងពីការគំរាមកំហែងនៃជម្ងឺរាតត្បាតសកលកូវីដ១៩ និងការកើនឡើងនៃនិន្នាការឯកតោភាគីនិយម ការគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងគំរាមកំហែងដល់សណ្ដាប់ធ្នាប់អន្តរជាតិ ទន្ទឹមគ្នានឹងបញ្ហាប្រឈមដែលមានស្រាប់ក៏នៅមិនទាន់ត្រូវបានដោះស្រាយ ដូចជា ការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខទឹក ស្បៀង ជម្លោះហិង្សា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណែត អន្តោប្រវេសន៍ខុសច្បាប់ និងភាពក្រីក្រជាដើម។

លោកប្រធានគណៈប្រតិភូ បានមានប្រសាសន៍ទៀតថា បញ្ហាស្មុគ្រស្មាញទាំងអស់នេះ គឺជាឧបសគ្គដល់ការរក្សាសន្តិភាព សន្តិសុខប្រកបដោយចីរភាព ដែលត្រូវការ ការយកចិត្តទុកដាក់និងចូលរួមដោះស្រាយពីគ្រប់ប្រទេស និងភាគីពាក់ព័ន្ធទាំងអស់។ នៅក្នុងបរិបទនេះ អង្គការនីតិប្បញ្ញត្តិ និងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរសភាអាស៊ាន គឺជាតួអង្គសំខាន់តាមរយៈការទូតសភា ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខរបស់តំបន់ក៏ដូចជាពិភពលោក។

លោក ឈាង វុន បានបញ្ជាក់ថា សភាកម្ពុជាសូមគាំទ្រ និងជំរុញការបន្តកិច្ចសន្ទនា កសាងទំនុកចិត្ត ស្វែងយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្ដូរទស្សនៈ បទពិសោធន៍ និងការអនុវត្តល្អៗ។

បន្ថែមលើនេះ ត្រូវតែជំរុញតួនាទីរបស់ការទូតសភាឲ្យកាន់តែពាក់ព័ន្ធ និងសកម្ម ដើម្បីគាំទ្រប្រព័ន្ធអន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ស្របតាមគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ តាមរយៈការប្រើមធ្យោបាយសន្តិវិធីក្នុងការដោះស្រាយជម្លោះ ឬការមិនចុះសម្រុងគ្នានៅក្នុងតំបន់។

លោកបន្ថែមថា កម្ពុជាបានធ្វើការកែសម្រួលខ្លឹមសារមួយចំនួនលើសេចក្ដីព្រាងសេចក្ដីសម្រេចរបស់គណៈកម្មាធិការនយោបាយអាយប៉ា ដោយបានផ្ដោតសារៈសំខាន់យ៉ាងខ្លាំងលើការរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។

ចំណែកនៅក្នុងបទអន្តរាគមន៍របស់គណៈប្រតិភូសភាប្រទេសអាស៊ានផ្សេងៗទៀត ក៏បានលើកឡើងពីសារៈសំខាន់នៃការទូតសភា និងការប្រើមធ្យោបាយសន្តិវិធីក្នុងការដោះស្រាយជម្លោះ ឬការមិនចុះសម្រុងគ្នានៅក្នុងតំបន់ សម្រាប់សន្តិភាពនិងសន្តិសុខប្រកបដោយចីរភាពក្នុងតំបន់អាស៊ាននេះ៕

ដកស្រង់ពី៖ Fresh News