Social Network

​ប្រជុំ​ផ្សព្វផ្សាយ​ពី​លទ្ធផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ ឆ​មាស​​ទី​២ ឆ្នាំ​២០២០

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មការត្រួតពិនិត្យ គ្រឿងញៀន ខេត្តកំពង់ឆ្នាំង បានប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆមាសទី ១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នៅសាលានយោបាយ ខេត្តកំពង់ឆ្នាំង ក្រោមវត្តមាន លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

នៅក្នុងកិច្ចប្រជុំនេះ លោក ឈួ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត បានផ្ដាំផ្ញើដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

នូវកិច្ចការមួយចំនួនត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្ត ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ពិសេសការចាត់តាំង អនុវត្តវិធានការទាំង ៥ នៃយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងកិច្ចប្រជុំនោះដែរ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថាៈ ករណីគ្រឿងញៀន គឺជារឿងឧក្រិដ្ឋកម្ម មានចរិកខុសពីបទល្មើសផ្សេងៗ និងមិនអាចលើកលែងបាន ការប្រយុទ្ធប្រឆាំង ជាមួយនឹងគ្រឿងញៀន របស់រាជរដ្ឋាភិបាល មានរយៈពេល ៥ ឆ្នាំមកហើយ កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ គ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់

ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ខិតខំសហការប្រមែប្រមូលព័ត៌មាន ភស្តុតាង កំណត់ និងក្ដាប់ឲ្យបាននូវ មុខសញ្ញាពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាន នូវការលួចលាក់ នាំចូលគ្រឿង ញៀនពីខាងក្រៅ ទាំងការយកមកចែកចាយ ជួញដូរក្នុងខេត្ត និងការប៉ុនប៉ង នាំចេញឆ្លងដែន ទៅប្រទេសទីបី និងស្រាវជ្រាវបង្ក្រាប ឲ្យដល់ឫសគល់ កាត់ផ្តាច់ខ្សែរយៈបណ្ដាញ និងតាមចាប់មេក្លោង មកផ្ដន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថាៈ កិច្ចប្រជុំថ្ងៃនេះ ផ្ដោតទៅលើគោលការណ៍ ទាំង ៩ ចំណុច ដែលពាក់ព័ន្ធការងារ ត្រួតពិនិត្យគ្រឿងញៀន ជាពិសេសសម្រាប់ទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា