Social Network

មេបញ្ជការថ្មីនៃកងពលតូចថ្មើរជើងលេខ៥១ ចូលកាន់តំណែងជំនួសក្រោយមេបញ្ជាចាស់បានស្លាប់

បន្ទាយមានជ័យ ៖ មេបញ្ជការថ្មីនៃកងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគ៥ បានចូលកាន់តំណែងជំនួស ក្រោយមេបញ្ជាចាស់បានស្លាប់កាលពី៣ខែមុន។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញអធិបតីភាពក្នុងពិធី ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានកងពលតូចថ្មើរជើងលេខ៥១ យោភូមិភាគទី៥ កាលពីព្រឹកថ្ងៃទី១០ខែកញ្ញា នៅទីបញ្ជាការកងពលស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីមន្ត្រីចូលរួមបានប្រាប់អ្នករាយការណ៍ព័ត៌មានថា ការប្រកាសតែងតាំង លោកវរៈសេនីយ៍ឯក សឹង្ហ ទុំ ជាមេបញ្ជាការរង ទទួលនាយសេនាធិការ បានឡើងជាមេបញ្ជាការនៃកងពលតូចថ្មើរជើងលេខ៥១ និង លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា ជាមេបញ្ជាការរង ទទួលនាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១។

សូមរំលឹកថា កងពលតូចថ្មើរជើងលេខ៥១ ជាការច្របាច់ចូលគ្នានៃ៣កងពលធំគឺអតីតកងពលធំលេខ៧ កងពលធំលេខ១២ (នៃអតីតរណសិរហសរំដោះប្រជាពលរដ្ឋខ្មែរ )និងកងពលធំលេខ២១ (អតូតខ្មែរក្រហមតំបន់ម៉ាឡៃ) កាលពីឆ្នាំ២០០៣ ហើយមេបញ្ជាការដំបូងគឺលោកឧត្តមសេនីយ៍សូរ ចាន់ហេង អតីតមេបញ្ជាការកងពលធំលេខ៧។ លោកបានស្លាប់ដោយជម្ងឺ។

តមកលោកឧត្តមសេនីយ៍ឈឿង សារឹទ្ធ អតីតមេបញ្ជាការកងពលធំលេខ៦ ជាមេបញ្ជាការនិងជាមេបញ្ជាការរងយោធភូមិភាគ៥។ បន្ទាប់មកលោកឧត្តមសេនីយ៍សេង ធារិន អតីតមេបញ្ជាការរង ឡើងជាមេបញ្ជាការ ហើយបច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិ៥ ទទួលនាយសេនាធិការ ហើយលោកឧត្តមសេនីយ៍វ៉ែន សាយ ពីមេញ្ជាការរង ឡើងជាមេបញ្ជាការ។

ប៉ុន្តែមានជម្ងឺរបួសសង្គ្រាមរើ ក៏បានស្លាប់កាលពី៣ខែ ហើយថ្ងៃនេះត្រូវបានតែងតាំងនិងប្រកាសចូលកាន់តំណែងនូវលោកវរសេនីយ៍ឯក សឹង ទុំ ជាមេបញ្ជាការ៕

ដកស្រង់ពី៖ រស្មីកម្ពុជា