Social Network

សម្តេច​តេ​ជោ ៖ ការ​ប្រឆាំង​កូ​វី​ដ​-១៩ ​រួម​គ្នា​ជា​ការ​ល្អ តែ​មិន​គួរ​ប្រទេស​ណាមួយ​ឆ្លៀត​​អនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈ ភូមិសាស្ត្រនយោបាយរបស់ខ្លួននោះទេ ។

យោងតាមសុន្ទរកថា គន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងសម័យប្រជុំពិសេសលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»

ថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ សម្តេចបានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) ក្នុងការស្នើឱ្យមានសម័យប្រជុំពិសេសស្តីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» នេះ ដើម្បីប្រមូលផ្តុំការឆ្លើយតបជារួម និងសកលពីសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

សម្តេចបន្តថា មកដល់បច្ចុប្បន្នជំងឺកូវីដ-១៩ បានឆ្លងរីករាលដាលដល់គ្រប់ប្រទេស និងបានធ្វើឱ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត ។ សម្តេចតេជោបញ្ជាក់ថា ៖«ក្នុងន័យនេះ, កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននោះឡើយ» ។

សម្តេចបានលើកឡើងថា ខណៈដែលជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេលើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ ។

ផ្ទុយទៅវិញ សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល គឺជាធាតុសកម្មមិនអាចខ្វះបាននៅក្នុងអំឡុងពេលនៃវិបត្តិបែបនេះ ។

បន្ថែមលើនេះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះទាមទារនូវការសម្រេចចិត្តរួមគ្នាប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ទោះជារដ្ឋនោះ ធំ ឬតូច, មាន ឬ ក្រ ក៏ដោយ , ដោយមាន អសប និងអង្គការសុខភាពពិភពលោកជាស្នូល ។

សម្តេចបានគូសបញ្ជាក់ថា ៖«ខ្ញុំសូមគូសបញ្ជាក់នូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជា ចំពោះតួនាទីរបស់ អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោកក្នុងកិច្ចប្រឹង ប្រែងជាសកលចំពោះការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ។

លើសពីនេះទៀត, កម្ពុជា ក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈ និងមានចរិតសកលដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយក្នុងស្មារតីមនុស្សធម៌ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេស ចំពោះប្រទេសដែលងាយរង-គ្រោះបំផុត ។

ទោះបីជាវិបត្តិសុខភាពសាធារណៈនេះអាចនឹងបញ្ចប់ទៅនាពេលអនាគតខ្លីខាងមុខ ប្រទេសទាំងអស់នឹងនៅតែត្រូវដោះស្រាយបន្តទៀតនូវបញ្ហាប្រឈមក្នុងដំណាក់កាលនៃការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ» ។

សម្តេចបន្ថែមថា ជាការពិតជំនួយអាចជា ចំណែកតូចមួយនៃការស្តារនេះក៏ប៉ុន្តែកត្តា ដែលសំខាន់មិនអាចខ្វះបាន គឺការបន្តរក្សាបាននូវយន្តការពហុភាគីនិយមសកលភាវូបនីយកម្មនិយមពាណិជ្ជសរីភាវូបនីយកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគទេសចរណ៍អន្តរជាតិ និង ការធ្វើដំណើរជាទូទៅ ។

ក្នុងន័យនេះ, កម្ពុជាគាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់អគ្គលេខាធិការ អសប អំពីការបង្កើតមូលនិធិ អសប សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការរៀបចំស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានដាក់ចេញកាលពីដើមឆ្នាំនេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព