Social Network

BREAKING: ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៧ខែ ក្នុងឆ្នាំ២០២១ ជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់លោក ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីយកប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការប្រកាសរបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ដកស្រង់ពី៖ Fresh News